ខណ្ឌរដ្ឋបាលជលផល ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមសហការគ្នាក្នុងការទប់ទល់បទល្មើសជលផល កុំឲ្យបាត់បង់ពូជត្រី

0

ខេត្តស្ទឹងត្រែង៖ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាថ្នាក់ខេត្តមួយស្តីពីវេទិកានៃកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានជលផលឲ្យមានប្រសិទ្ធភាព ក្រោមការគាំទ្រដោយគម្រោងគ្រប់គ្រងទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣សមាសភាពទី១ និងសហការចូលរួមឧបត្ថម្ភដោយ អង្គការភូមិខ្ញុំ អង្គការFACT និងអង្គការសេប៉ា នៅឯសាលាខេត្តស្ទឹងត្រែងក្នុងថ្ងៃទី១៤វិច្ឆិកានេះ ក្រោមអធិបតីឯកឧត្តមអភិបាលខេត្ត អភិបាលក្រុងស្រុកទាំង៦ កងកម្លាំងប្រដាប់អាវុធ មេឃុំ មេភូមិ រួមនិងសហគមន៍នេសាទ បរិស្ថាននុរក្ស និងឆ្មាំទន្លេ អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធផងដែរ ។

នៅក្នុងសិក្ខាសាលានោះ លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផល បានមានប្រសាសន៍ថា៖ដើម្បីជាការចូលរួមទប់ស្កាត់កុំឲ្យបាត់បង់ពូជត្រីដ៏សំបូរបែប នៅក្នុងទឹកដីខេត្តស្ទឹងត្រែង ចាំបាច់ត្រូវមានការចូលរួមសហការរវាងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមនិងប្រជានេសាទផងដែរ ជាពិសេសគឺត្រូវអនុវត្តការនេសាទទៅតាមច្បាប់ជលផលដែលបានកំណត់ ។ លោកនាយខណ្ឌជលផលបានបន្តថាៈគ្រប់វិធីសាស្រ្តទាំងអស់ដែលខណ្ឌរដ្ឋបាលជលផលបានធ្វើយុទ្ធនាការឃោស
នា ក៏ដូចជាបានចុះទៅអប់រំណែនាំដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ នាពេលកន្លងមក មានទាំងវិធីសាស្រ្តរឹងនិងទន់ ក៏នៅតែមានអ្នកប្រើឧបករណ៍នេសាទខុសច្បាប់ដដែល ប៉ុន្តែទោះជាយ៉ាងណាគឺមានបងប្អូនប្រជាពលរដ្ឋភាគច្រើនក៏បានចូលរួមសហការអនុវត្តនូវការនេសាទស្របច្បាប់ផងដែរ ធ្វើឲ្យត្រីនៅបន្តពូជបានមួយផ្នែក ។លោកថា៖មន្រ្តីជំនាញជលផលបានអនុវត្តតាមគោលការណ៍ច្បាប់ក្នុងការបង្រ្កាបនូវបទល្មើសនេសាទ បាននូវគ្រាកន្លងមកនោះ គឺនៅមានការយោគយល់ និងអនុគ្រោះ
ច្រើនដល់អ្នកនេសាទខុសច្បាប់ ដោយគ្រាន់តែរឹបអូសនូវឧបករណ៍នេសាទខុសច្បាប់ ហើយគ្រាន់ធ្វើកិច្ចសន្យាអប់រំណែនាំដល់ពួកគាត់តែប៉ុណ្ណោះ ទុកជាការព្រមាន មិនមានការឃាត់ខ្លួននោះឡើយ ។លោកបានអំពាវនាវដល់អាជ្ញាធរភូមិ/ឃុំ និងមន្រ្តីប៉ុស្តិ៍រដ្ឋបាលទាំងអស់ សូមចូលរួមទាំងអស់គ្នា ក្នុងការទប់ទល់នូវភាពមហន្តរាយនៃធន
ធានជលផលនេះ ដើម្បីឲ្យពូជត្រីមានការកើនឡើងវិញ ។
លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជំរុញឲ្យមន្រ្តីជំនាញ ក៏ដូចជាអ្នកដែលពាក់ព័ន្ធទាំងអស់និងបទល្មើសជលផល សូមដកខ្លួនចេញឲ្យឆ្ងាយពីការឃុបឃិត និងបើកដៃឲ្យមានការកើនឡើងនូវបទល្មើសនេសាទនេះ ។លោកប្រធានមន្ទីរកសិកម្មបានបន្តថាៈដើម្បីរក្សានិរន្តភាពនៃធនធានជលផល ជាដំណោះស្រាយគឺទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ដោយសុឆន្ទៈ ក៏ដូចជាចែករំលែកនូវការទទួលខុសត្រូវខ្ពស់ដើម្បីផលប្រយោជន៍មនុស្សជំនាន់ក្រោយ ។លោក លៀង សេង បានបញ្ជាក់ទៀតថាៈនាពេលថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងឪកាសអញ្ជើញពិនិត្យគម្រោងការគ្រប់គ្រងទន្លេមេគង្គចម្រុះ និងសម្ភោធដាក់ឲ្យប្រើប្រាស់នូវអគារមន្ទីរកសិកម្ម ក៏ដូចជាមានការផ្តួចផ្តើមពីឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង បានប្រជុំជាលក្ខណៈចង្អៀតរវាងតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើង និងឯកភាពនូវការងារមួយចំនួនក្នុងការបន្ត និងពង្រឹងការអនុវត្តច្បាប់ក្នុងរដូវបិទនេសាទ គឺអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភាតទៅរៀងរាល់ឆ្នាំ ដោយមិនមានការតវ៉ា ឬពន្យាពេលក្នុងការបិទនេសាទទៀតទេ ។
មានប្រសាសន៍នៅក្នុងឪកាសនោះ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំ និងជំរុញបន្ថែមដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូម្បីតែប្រជាពលរដ្ឋ គឺមិនចាំបាច់ពឹងផ្អែកតែលើជំនាញជលផល ឬកងកម្លាំងប្រដាប់អាវុធនោះទេក្នុងការបង្រ្កាបបទល្មើសជលផលនេះ គឺយើងត្រូវខិតខំទាំងអស់គ្នាទើបរក្សាបាននូវធនធានជលផលឲ្យសំបូរឡើងវិញ សំរាប់យើងទាំងអស់គ្នាក៏ដូចជាកូនចៅជំនាន់ក្រោយ ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា៖ធនធានធម្មជាតិត្រូវបានចាត់ទុកជាធនធានសំបូរបែបដ៏មានសារៈសំខាន់ក្នុងការចិញ្ចឹមជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ទាំងនៅជនបទ និតនៅទីប្រជុំជនក្រុង/ស្រុក ដូច្នេះហើយទើបមានការចាំបាច់ឲ្យមានការគ្រប់គ្រង និងថែរក្សាឲ្យខានតែបាន ! ដោយហេតុថា ប្រព័ន្ធអេកូឡូស៊ី បានចូលរួមចំណែកយ៉ាងសំខាន់នៃតំបន់ទន្លេមេគង្គ ។