កំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល លេខ០២សថក ពីការបរាជ័យយ៉ាងអាម៉ាស់បំផុត របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានដឹកនាំដោយទណ្ឌិត ជនក្បត់ជាតិសម រង្សី ដល់កងកម្លាំងចំណុះឲ្យ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានមេបញ្ជាការរង នាយទាហាន ពលទាហាន ចូលរួម២១៨ នាក់ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។
ពិធីផ្សព្វផ្សាយ បានផ្តោតលើការបរាជ័យ នៃការអនុវត្តន៍ ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយម នៅកម្ពុជានៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១៩កន្លងមក និងបានអប់រំចិត្តសាស្ត្រពង្រឹង តួរនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឯកឧត្តម ឧត្តមេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថាកន្លងទៅថ្មីៗនេះ ក្រុមឧទ្ទាមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី បានកំណត់យកថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០១៩ ចំថ្ងៃនៃការប្រារព្ធខួបអនុស្សារីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ដើម្បីអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា តែផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារទទួលបរាជ័យទាំងស្រុង ហើយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតីនៅទូទាំងប្រទេសតែផ្ទុយទៅវិញ ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទូទាំងប្រទេស ជួបជុំក្រុមគ្រួសារ ចូលរួមសប្បាយរីករាយ និងចំពិធីហូបអំបុក ដែលបង្ហាញអំពីសាមគ្គីភាព និងចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែឯកភាពយ៉ាងរឹងមាំ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ។
ក្នុងនោះរាជរដ្ឋាភិបាលសុំការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជីវករ ចំពោះភាពរអាក់រអួលខ្លះៗក្នុងការចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា កន្លងមកនេះដោយសារការរឹតបន្ដឹងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន សំដៅបង្ការទប់ស្កាត់សកម្មភាពរបស់ក្រុមឧទ្ទាម និងដើម្បីធានាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបំពញតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានារក្សាការពារសុខសន្តិភាព និងស្ថិរភាពសង្គម ។
ឧត្តមេនីយ៍ទោ សោម ស៊ុន បនបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋបានចាញ់បោកការឃោសនា ដោយឧបាយកលពិសពុល របស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី រាជរដ្ឋាភិបាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់វិលត្រឡប់មកមាតុប្រទេសវិញ ដោយមិនមានទោសពៃរ៍នោះទេ ដើម្បីបន្តរួមរស់ជាមួយក្រុមគ្រួសារ និងសង្គមជាតិ ក្រោមដំបូលនៃសុខសន្តិភាព ដោយ ទណ្ឌិត សម រង្ស៊ី មានបំណងយកបងប្អូនធ្វើជាឧបករណ៍នយោបាយ និងឈ្លាន់បញ្ឆេះកំហឹងសង្គម ដើម្បីសម្រេចមហិច្ឆិតាអំណាចរបស់ក្រមខ្លួន ដោយមិនគិតពីការស្លាប់រស់ និងសុខទុក្ខរបស់បងប្អូន និងប្រទេសជាតិឡើយ ។
ដោយ ប៊ុន រដ្ឋា
\




































