កំពង់ចាម : អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បាន ថ្លែង ថា គ្រប់ គម្រោង ក្នុង ការ អភិវឌ្ឍន៍ ទាំង អស់ គឺជា កម្មវិធី របស់ រាជរដ្ឋាភិបាល ព្រោះ បើ គ្មាន ការ គាំទ្រ ពី រាជរដ្ឋាភិបាល ទេ គឺ មិន អាច អនុវត្តន៍ គម្រោង ទាំង នោះបាន ឡេីយ ហើយ អ្នក អនុវត្តន៍ គម្រោង ទាំង នោះ ក៏ជា មន្ត្រី របស់ រាជរដ្ឋាភិបាល ផង ដែរ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង កិច្ច ប្រជុំ ស្តី ពី ការអនុវត្តគម្រោងកាត់
បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហាន២ ខេត្តកំពង់ចាម រយៈពេល ៩ខែ ឆ្នាំ ២០១៩ នារសៀល ថ្ងៃ ទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ សាលប្រជុំ សាលា ខេត្ត កំពង់ចាម ដោយ មាន ការ អញ្ជើញ ចូល រួម ពី លោក អភិបាលរងខេត្ត នាយករងរដ្ឋបាលទទួលបន្ទុកទីចាត់ការផែនការ និងវិនិយោគ អភិបាលស្រុក ប្រធានក្រុមគាំទ្រថ្នាក់ស្រុក លោក លោកស្រីនាយកទីចាត់ការ និង មេឃុំ និងស្មៀនឃុំ គោលដៅ សេវាករទី៦,ទី៧និងទី៨ តំណាងសមាគមន៍កែលម្អជីវភាព និងក្រុមការងារសម្របសម្រួលគាំទ្រគម្រោងថ្នាក់ខេត្ត សរុប ១១៣រូប ។
ថ្លែង ក្នុង កិច្ច ប្រជុំ នេះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម បាន ជម្រុញ ឲ្យ មន្ត្រី អនុវត្តន៍ គម្រោង ទាំង អស់ ត្រូវ មាន ការ សហការ គ្នា ដេីម្បី អនុវត្តន៍ រាល់ គម្រោង ឲ្យ មាន គុណភាព ស្រប តាម ទិសដៅ របស់ រាជរដ្ឋាភិបាល ក្នុង ការ រំដោះ ប្រជាពលរដ្ឋ យើង ឲ្យ ចាក ផុត ពី ភាព ក្រីក្រ កុំបីខាន។
ជាមួយ គ្នា នោះ ឯកឧត្តម អភិបាលខេត្ត ក៏ បាន លើក ឡើង ផង ដែរ ថា នៅ ក្នុង ឆ្នាំ ២០២០ ខាង មុខ នេះ គឺជា ឆ្នាំ យុទ្ធសាស្ត្រ នៃ ការ អនុវត្តន៍ នូវ ផែនការ គំណែទំរង់ ថ្មី មួយ ដែល គ្រប់ ឃុំ -សង្កាត់ នឹង ទទួលបាន កញ្ចប់ ថវិកា ពី រាជរដ្ឋាភិបាល ក្នុង ១ឆ្នាំៗ អាច លេីសពី ៧៣០០០ដុល្លារ ដេីម្បី ធ្វើ ការ អភិវឌ្ឍន៍ នៅថ្នាក់ មូលដ្ឋានផងដែរ។
បេី យោង តាម របាយការណ៍ របស់ មន្ត្រី បាន បង្ហាញ ឲ្យ ដឹង ថា ដោយមានការគាំទ្រពីក្រុមគាំទ្រគម្រោងថ្នាក់ខេត្ត ស្រុក និងឃុំ មន្ត្រី បានចុះ អនុវត្តន៍ ការងារពិនិត្យទីតាំងនិងវាយតម្លៃបឋមគម្រោងអាទិភាពឆ្នាំ២០១៩ ចំនួន៤០គម្រោងនៅក្នុង៤០ឃុំគោលដៅ ដែលក្នុងនោះ មានគម្រោងចំនួន១១គម្រោង សមស្របនឹងលក្ខណៈវិនិច្ឆ័យរបស់គម្រោង រួមមាន៖ ១-គម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ៤ខ្សែ (នៅឃុំ តាំងក្រាង តាំង ក្រសាំង មហាលាភ និងព្រៃកតានង់ ) ២-គម្រោង សាងសង់ ផ្លូវ ក្រាល កៅស៊ូ ចំនួន ២ខ្សែ (នៅឃុំ បាធាយ មេព្រីង និងស្តេីងជ័យ ) ៣-គម្រោងជួសជុលទ្វារទឹកនិងស្តារប្រឡាយចំនួន៤ខ្សែ (នៅឃុំ សណ្តែក ព្រីងជ្រុំ សំពោងជ័យ និងទួលសំបួរ ) និង ៤-គម្រោងកែសាងសង់ផ្លូវក្រាលថ្មភ្នំចំនួន១ខ្សែ (នៅឃុំ រការអា) ។




































