ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន អញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឯកសណ្ឋានជូនយោធិនថ្មី ដែលត្រូវបាន ក្រសួងការពារជាតិ ប្រកាសទទួលស្គាល់ជាផ្លូវការ ក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នៅផ្នែកសឹករងតាំងគោក នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅ រសៀលថ្ងៃច័ន្ទទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ពិធីបានធ្វើឡើងនៅ ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានថ្នាក់ដឹកនាំ និងយោធិន ជាច្រើនចូលរួមអបអរសាទរផងដែរ ។
លោក វរសនីយ៍ទោ សួស សំអាត នាយការិយាល័យទី៤ បានបញ្ជាក់ជូនបងប្អូនយោធិនថ្មីទាំងអស់ អំពី របប និងរយៈពេលនៃការប្រើប្រាស់ យោធបរិក្ខាទាំង១៧ មុខ ដែលរួមមាន សំលៀកបំពាក់ មួក អាវយឺត ក្រម៉ា អង្រឹង មុង ភួយ ប៊ីថុងទឹក ខោរខ្លី ស្បែកជើង ស្រោមជើង ខ្សែក្រវាត់តូច ខ្សែក្រវាត់ធំ បាឡូកន្ទេល ដែលត្រូវ ប្រើប្រាស់តាមរយះពេលដូចជាឆមាសឆ្នាំ និងតាមរដូវកាល ។
ឯកឧត្តម ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានថ្លែងអំណរគុណ ចំពោះក្រសួងការពារជាតិ ដែលបាន អនុញ្ញាត ឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជ្រើសរើសយោធិនបំពេញក្របខ័ណ្ឌ ផ្នែកសឹករងតាំងគោក នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជាស្រុកទើបបង្កើតថ្មី និងបានផ្តាំផ្ញើរដល់ក្មួយៗ ដែលជាយោធិនថ្មី ត្រូវបំពេញក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នៅផ្នែកសឹករងតាំងគោក ឲ្យបានល្អប្រសើ គឺត្រូវស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា និង ព្រះ មហា ក្សត្រ និងគោរពយ៉ាងម៉ឺងម៉ាត់ នូវ បទវិន័យ របស់កងយោធពលខេមរភូមិន្ទ ខឹតខំហ្វឹកហ្វឺន រៀនសូត្រ លំហាត់របៀប និងមេរៀនយោធា បច្ចេកទេស របស់កងទ័ពឲ្យបានច្បាស់លាស់ ថែមទាំង គ្រប់គ្រងថែរក្សាយោធបរិក្ខាកងទ័ព ដែលបានបំពាក់ជូន ឲ្យបានល្អ តាមរយៈពេលនៃការកំណត់ប្រើប្រាស់របស់ក្រសួងការពារជាតិ ។
ក្នុងឳកាសជាមួយគ្នានេះ យោធិនថ្មីដែលបានបំពេញក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បានគោរពអំណរគុណ ដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះរាជរដ្ឋាភិបាល ក៍ដូចជាក្រសួងការពារជាតិ ដែលបានអនុញ្ញាត ឲ្យបងប្អូនបានមានឱកាសបានចូលរួមបម្រើក្នុងជួរ កងយោធពលខេមរភូមិន្ទ ដើម្បីបម្រើជាតិ និងប្រជាជន ។ដោយ ប៊ុន រដ្ឋា





































