ខេត្តកំពង់ធំ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ផ្ទះមួយខ្នង ដល់ក្រុមគ្រួសារអតីតយុទ្ធជនកម្ពុជា ដែលរស់នៅភូមិកោះ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាខ្នងផ្ទះលើកទី១៣៤ សម្រាប់ខេត្តកំពង់ធំ ដោយចុះប្រគល់ផ្ទាល់ដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត កំពង់ធំ នៅរសៀលថ្ងៃទី ១៧ខែវិច្ឆិកា ឆ្នាំ ២០១៩ ។
ខ្នងផ្ទះលើកទី១៣៤ គឺជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធយុទ្ធជនពិការ ដែលត្រូវបានសាងសង់ដោយ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសមាគមអតីតយុទ្ឋជនស្រុកស្ទោង តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ប្រគល់ជូន លោក សូ សុផល អាយុ ៤៧ឆ្នំា ជាអតីតយុទ្ធជន និងភរិយាឈ្មោះ ឃួន ឃីម អាយុ ៤៧ឆ្នាំ មានកូនចំនួន ៣នាក់ ធ្លាប់ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩៥ អតីតមុខតំណែងមេរងក្រុមក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១២ ។
ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា លោក ពលបាលទោ សូ សុផល របួសពិការឆ្នាំ១៩៩៧ នៅសមរភូមិអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បច្ចុប្បន្ន មានផ្ទះរស់នៅមិនសមរម្យ និងមានជីវភាពទីទ័លក្រ និងត្រូវបានទទួលផ្ទះថ្មី មានទំហំ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ ពីសរសរបេតុង ខ្ពស់ផុតពីដី ឆ្អឹងដែករនាបក្តារ ជញ្ជាំងនិងដំបូលប្រក់ស័ង្កសី។
ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម ស៊ុន មានប្រសាសន៍ថា សម្ដេច តេជោ ហ៊ុន សែន តែងតែយកចិត្ត ទុកដាក់បំផុតចំពោះជីវភាព ការរស់នៅរបស់ក្រុមគ្រួសារ បងប្អូនអតីតយុទ្ធជន នៅគ្រប់ទីកន្លែង និងបាន អំពាវនាវ បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព ដែលកំពុងមានស្រាប់ ក្នុង ពិធី នេះ ដែរ ក្រុមការងារ បាននាំយកការ ឧបត្ថម្ភ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គ លេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា បានឧបត្ថម្ភជូន អង្ករ៥០គ.ក មីយើង២ កេស ទឹកត្រីទឹកស៊ីអ៊ីវចំនូន២យួរ និងថវិកា ២០០,០០0 រៀល អាជ្ញាធរ ដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជន រំភើប រីករាយ មិងគោរពដឹងគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តល់ផ្ទះថ្មី និងបានប្តេជ្ញា ចិត្តគាំទ្រសម្តេចជារៀងរហូត ។
ដោយ ប៊ុន រដ្ឋា




































