រដ្ឋបាលស្រុកស្វាយទាបសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២០ -២០២២

0

ស្វាយរៀង៖នាព្រឹកថ្ងៃចន្ទ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ រដ្ឋបាលស្រុកស្វាយទាប មានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២០ -២០២២ ក្រោមអធិបតីភាពឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជំនាញ នានាក្នុងខេត្ត លោកនាយករងទីចាត់ការផែនការវិនិយោគខេត្ត លោក ប្រធានប្រឹក្សាស្រុក លោក អភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក លោកលោកស្រីប្រធាន អនុប្រធានការិយាល័យ និងអង្គភាពលទ្ធកម្មចំណុះសាលាស្រុកលោក លោកស្រីប្រធានការិយាល័យនានាជុំវិញស្រុក លោក លោកស្រី ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន៦២នាក់ ។

ឯកឧត្តម សុខ រស់ អភិបាលរងខេត្ត បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ចំពោះការ ខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ របស់ខ្លួនទៅតាមតួនាទីភារកិច្ច របស់អាជ្ញាធរពាក់ព័ន្ធ និងអរគុណចំពោះមន្ទីរ-អង្គភាពជំនាញ អង្គការជាតិ -អន្តរជាតិ និងសប្បុរសជនទាំងអស់ ដែលតែងសហការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ និងការកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរបស់ឃុំ ក្នុងគោលបំណងក្នុងការស្វែងរកការគាំទ្រសកម្មភាពអភិវឌ្ឍន៍ ជាអាទិភាពនានារបស់ខ្លួន សម្រាប់ឆ្នាំខាងមុខ ដើម្បីកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ក្នុងបរិបទវិមជ្ឈការ និងវិសហមជ្ឈការ។

ឯកឧត្តមអភិបាលរងខេត្តបន្តថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ ក្រុង ស្រុក និងឃុំ សង្កាត់ គឺជាការរៀបចំឡើងដើម្បីឱ្យគម្រោងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ស្របទៅតាមគោលនយោបាយយុទ្ធសាស្ត្រ និងសមកម្មភាពនានារបស់បណ្តាមន្ទីរ អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាល តាមរយះការវិភាគ និងចរចារ ដើម្បីប្រមូលផ្តុំធនធានសម្រាប់កិច្ចគាំទ្រកិច្ច អភិវឌ្ឍន៍មូលដ្ឋាន ដើម្បីសម្រេចទិសដៅរួមប្រកបដោយប្រសិទ្ធភាព និងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។

ហើយរាល់គម្រោងដែលអាទិភាពទាំងអស់នោះ គឺទាមទាឱ្យមានការ យកចិត្តទុកដាក់ ពិនិត្យ ពិចារណា និងខិតខំជួយគាំទ្រ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ឈាន ទៅកាត់បន្ថយភាពក្រីក្រឱ្យបានឆាប់រហ័សឆ្លើយតបទៅនឹងផែនការអភិវឌ្ឍន៍ខេត្ត និងចក្ខុវិស័យរបស់ខេត្ត គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនឱ្យបានយ៉ាងតិច ១ភាគរយក្នុងមួយឆ្នាំ៕