រដ្ឋបាលស្រុកសណ្ដាន់ អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចោលសំរាមឲ្យបានត្រឹមត្រូវ និងត្រូវចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា

0

(កំពង់ធំ)៖ រដ្ឋបាលស្រុកសណ្ដាន់ សហការជាមួយនឹងអង្គការអាដ្រា ប្រចាំខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានរៀបចំកម្មវិធីស្វែងយល់អំពីអនាម័យ និងបរិស្ថានក្រោមវត្តមានលោក គង់ សុភា អភិបាលរងស្រុក ដោយមានការជួយឧបត្ថម្ភគាំទ្រពីអង្គការអាដ្រាកម្ពុជា គម្រោងអោប (លើកកម្ពស់សុខភាពម្តាយនិងទារក) នៅភូមិស្រែវាលកើត ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានការចូលរួមពីកងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរ ភូមិ ឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង៣០០នាក់។

លោក កែន ចំរើន អនុប្រធានអង្គការអាដ្រាគម្រោងអោប ប្រចាំស្រុកសណ្តាន់ បានលើកឡើងថា កម្មវិធីស្វែងយល់អំពីអនាម័យ និងបរិស្ថានមានគោលបំណង ៣រួមមាន៖
១៖ ផ្ដល់ចំណេះដឹងដោយបង្ហាញពីបញ្ហា ដែលបណ្ដាលមកពីអនាម័យ និងបរិស្ថានមិនល្អនៅក្នុងសហគមន៍គោលដៅ នៃស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
២៖ លើកទឹកចិត្តសហគមន៍ឲ្យផ្លាស់ប្ដូរអាកប្បកិរិយា មានសុខភាពល្អនិងរុងរឿងនាពេលអនាគត។
៣៖ កំណត់និងគ្រប់គ្រងកាកសំណល់ ដើម្បីការពារការឆ្លងមេរោគផ្សេងៗ។
៤៖ អ្នកចូលរួមយល់យ៉ាងច្បាស់លាស់អំពីរបៀបលាងដៃ ឲ្យបានត្រឹមត្រូវមុនពេលចម្អិនអាហារ មុននិងក្រោយបំបៅទារក និងបន្ទាប់ពីលាងសម្អាតរន្ធគូថ ឬបន្ទាប់ចេញពីបង្គន់។
លោក គង់ សុភា បានលើកឡើងថា ការចូលរួមលើកកម្ពស់អនាម័យ និងបរិស្ថាននៅក្នុងសហគមន៍ ពិតជាមានសារៈសំខាន់ណាស់ជាពិសេសការប្រមូលសំរាម នៅតាមសាលារៀន នៅតាមផ្ទះ តាមដងផ្លូវសាធារណៈ ក៏ដូចជារមណីយដ្ឋាន និងកន្លែងផ្សេងៗទៀត។​ លោកបន្តថា សំរាមនិងកាកសំណល់ជាច្រើន អាចជាប្រភពជំងឺ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វនិងការលូតលាស់របស់រុក្ខជាតិ។
លោកបានបញ្ជាក់ទៀតថា ប្រសិនបើផ្ទះស្អាត ភូមិស្អាត ធ្វើឲ្យមានសុខភាពល្អ ចៀសផុតពីជំងឺដង្កាត់ផ្សេងៗបានមួយកម្រិត។ ម្យ៉ាងវិញទៀត នៅតាមតំបន់រមណីយដ្ឋាននានា ក៏អាចជួយទាក់ទាញភ្ញៀវទេសចរ ចូលមកកំសាន្ត និងអាចធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ប្រសើរឡើងបានមួយកម្រិតផងដែរ។
លោកបានសំណូមពរ ប្រជាពលរដ្ឋទាំងអស់ ត្រូវលាងដៃឱ្យបានស្អាតជារៀងរាល់ថ្ងៃ មុនពេលញ៉ាំអាហារ និងក្រោយប្រើប្រាស់បង្គន់។ ត្រូវញាំទឹកសុវត្ថិភាពគ្រប់ពេល និងគ្រប់ទីកន្លែង សម្អាតបរិស្ថានជុំវិញផ្ទះ ភូមិ និងចូលរួមសម្អាតបរិស្ថាននៅតាមទីសាធារណៈ ដូចជាចូលរួមកាត់បន្ថយការចោលសំរាម ពាសវាលពាសកាលផងដែរ៕ជាចុងក្រោយលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ជាអាចឆ្ងាយពីគ្រឿងញៀនដើម្បីសុខភាពរបស់ខ្លួននិងប្រទេសជាតិមានការរីកចម្រើន។