សម្ដេចតេជោហ៊ុន សែន ផ្តល់ខ្នងផ្ទះលើកទី១៣៥ជូនគ្រួសារអតីតមន្រ្តីនគរបាលស្នងការនគរបាលខេត្តកំពង់ធំ  

0

ខេត្តកំពង់ធំ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន  សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ អំណោយដ៏ថ្លៃថ្លា គឺផ្ទះមួយខ្នង ដែលជាខ្នងផ្ទះលើកទី១៣៥ សម្រាប់ខេត្តកំពង់ធំ ជូនដល់ក្រុមគ្រួសារអតីត យុទ្ធជនពលី ដែលបច្ចុប្បន្នមានជីវភាពខ្វះខាតលំបាក រស់នៅ ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ  ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ  នៅល្ងាច ថ្ងៃទី ២១  ខែ វិច្ឆិកា  ឆ្នាំ ២០១៩  ។

ខ្នងផ្ទះទី១៣៥ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនលោក យាយ អ៊ុ  សាខន ត្រូវជាភរិយារបស់អតីតយុទ្ធជនពលី ឈ្មោះលោក អនុសេនីយ៍ឯក យូ  សារឿន  គឺត្រូវបានដឹកនាំសាងសង់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ តាមរយះឯកឧត្តម ទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា អតីតយុទ្ធជនពលី លោកអនុសេនីយ៍ឯក យូ សារឿន អតីតមន្ត្រីនគរបាល នៅអង្គភាពការិយាល័យ អន្តរាគមន៍ នៃស្នងការនគរបាល ខេត្តកំពង់ធំ  ធ្លាប់ចូលរួមបម្រើក្នុង អង្គភាពនគរបាលជាតិនៅឆ្នាំ១៩៨៣  ហើយបានទទួលមរណភាពនៅឆ្នាំ ២០០៦ មានភរិយា រស់នៅបច្ចុប្បន្ន គឺលោកយាយ អ៊ុ  សាខន  អាយុ  ៦០ ឆ្នំាមានកូននៅក្នុងបន្ទុកចំនួន៤ នាក់ កូន២នាក់មានសតិមិនប្រកតី កន្លងមករស់នៅតាមសំយ៉ាប់ផ្ទះអ្នក ភូមិដោយមិនមានផ្ទះសំបែងនោះឡើត លោកយាយខិតខំយ៉ាងត្រដាប់ត្រដួសស៊ីឈ្នួលគេ ដើម្បីរកប្រាក់មក ចិញ្ចឹមកូន តែក្រោមការយកចិត្តទុកដាក់របស់ ប្រមុខរាជរដ្ឋាភិបាល និងការជ្រោមជ្រែងពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានជម្រុញ ឲ្យសមាគមស្រុកក្រុង យកចិត្តទុកដាក់លើជីវភាពរស់នៅរបស់បងប្អូននៅតាមមូលដ្ឋាន។

នៅក្នុងពិធីប្រគល់ផ្ទះនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារ បានប្រគល់ ផ្ទះមួយខ្នងដែលជាខ្នងផ្ទះលើកទី១៣៥ ដែលមានទំហំ ៤គុណ៦ សរសរបេតុង ក្រាលក្តា ជញ្ជាំងនិងដំបូលប្រកស័ង្ខសី អង្ករចំនួន៥០  គីឡូ ក្រាម  មីយើងចំនួន២កេស  ទឹកត្រីទឹកស៊ីអ៊ីវ២យួរ និងថវិកា១៥០,០០០  រៀល ក្នុងឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលមានការ ព្រួយបារម្ភណ៍ ពីជីវភាព និងការប្រកបមុខរបរ រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ទិសទីឲ្យទទួលបាន សេចក្តីសុខ និងចូរចូលរួមសប្បាយរីករាយនិង ប្រទេសជាតិដែលកំពុងតែមានសន្តិភាពនាបច្ចុប្បន្ននេះ។

ដោយ ប៊ុន រដ្ឋា