ខេត្តត្បូងឃ្មុំ ៖ នៅវេលាម៉ោង១និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩អាវុធហតុខេត្តត្បូងឃ្មុំសហការជាមួយអាវុធហត្ថស្រុកមេមត់បានធ្វើការបង្ក្រាបរថយន្តសាំយ៉ុងកែច្នៃដឹកធ្យូងខុសច្បាប់ចំនួន 3 គ្រឿងដែលបានដឹកចេញពីទឹកដីខេត្តក្រចេះឆ្លងកាត់ចំណុចស្រែកណ្ដាលស្ថិតនៅក្នុងភូមិស្រែសោមឃុំកំពាន់ស្រុកមេមត់ចំនួន 3 គ្រឿងតែធ្វើការបង្ក្រាបបានតែចំនួនពីរគ្រឿងប៉ុណ្ណោះចំណែករថយន្តដឹកធ្យូងមួយគ្រឿងទៀតបានធ្វើការរត់គេចខ្លួនបាត់ស្រម៉ោលតែម្ដង ។ ពាក់ព័ន្ធទៅនិងបទល្មើសដឹកជញ្ជូនធ្យូងយ៉ាងអាណាធិបតេយ្យបែបនេះក៏មានចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីត្រី វ៉ា សារិទ្ធមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបានបញ្ជាឲ្យលោកអនុសេនីយ៍ទោ ងី គឹម សេង ហើយបានសហការជាមួយអាវុធហត្ថស្រុកមេមត់ បង្ក្រាបបានរថយន្ត សាំយ៉ុងដឹកធ្យូងចំនួនពីរគ្រឿង បន្ទាប់មកបានយក រថយន្ដទាំងពីរគ្រឿងនោះមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់រងចាំធ្វើការប្រគល់ជូនដល់ជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់ព្រៃឈើផងដែរ ។
តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថាក្រុមឈ្មួញដែលដឹកជញ្ជូនបទល្មើសឈើចេញពីចំណុចទួលពន្លៃ ឃុំ ឃ្សឹម ស្រុក ស្នួលខេត្តក្រចេះ ឆ្លងកាត់ស្រុកមេមត់ឆ្ពោះទៅលក់នៅភូមិច្រករំដេងស្រុកពញាក្រែកនៃខេត្តត្បូងឃ្មុំគឺជាក្រុមឈ្មួញ៥នាក់ បងប្អូនបានប្រមូលទិញឈើខុសច្បាប់នៅចំណុចខាងលើហើយដឹកជញ្ជូនយ៉ាងសកម្មទាំងថ្ងៃទាំងយប់ដោយមិនកោតញញើតនូវសមត្ថកិច្ចជំនាញពាក់ព័ន្ធនេះត្រូវបានគេស្គាល់ឈ្មោះថាទី១ ឈ្មោះ លោក ហួង ទី 2 ឈ្មោះលោក ស្នា ទី ៣ឈ្មោះ លោក ឈៀង ទី 4 ឈ្មោះលោក ឡុង ចំណែក លោក គន្ធា ដឹកជញ្ជូននៅពេលថ្ងៃពួកគេបាននាំគ្នាប្រមូលទិញឈើខុសច្បាប់ទាំងនេោះយកមកចែកចាយនៅតាមរោងសិប្បកម្មដែលស្ថិតនៅក្នុងភូមិច្រករំដេងស្រុកពញាក្រែកខេត្តត្បូងឃ្មុំយ៉ាងសកម្មបំផុតដោយមិនកោតញញើតចំពោះសមត្ថកិច្ចអីបន្តិចសោះឡើយ ។
សូមបញ្ជាក់ផងដែរថាកន្លងមកគណៈកម្មការថ្នាក់ជាតិបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅតាមបណ្តាខេត្តភូមិភាគឥសាន្តហើយក៏បានឃាត់ខ្លួនមេឈ្មួញធំៗមួយ ចំនួនផងដែរ។ប៉ុន្តែមកដល់ពេលនេះគេបានកត់សម្គាល់ឃើញថាបទល្មើសដឹកជញ្ជួនឈើ ក្នុងទឹក ដីខេត្តក្រចេះនិងខេត្តត្បូងឃ្មុំបាននិងកំពុងតែកើតមានយ៉ាងគគ្រឹកគគ្រេងវិញហើយ។