ល្បីឈ្មោះចែពុយ មេឈ្មួញឈើនៅម្តុំភូមិសាស្រ្តវារីអគ្គីសនីសេសានក្រោម២

0

ខេត្តស្ទឹងត្រែង:ពេលថ្មីៗនេះ សកម្មភាពរបស់ក្រុមឈ្មួញរកស៊ីគ្រឿងផ្ទះ ទ្វារ និងបង្អួច ដែលគេដឹងថាបានដឹកជញ្ជូនចេញពីទឹកដីស្រុកសេសាន ក្នុងភូមិសាស្រ្តវារីអគ្គីសនីសេសានក្រោម២ កំពុងកក្រើកឡើងវិញហើយ ។ពាក់ព័ន្ធនិងជំនួញឈើគ្រឿងផ្ទះ ទ្វារ និងបង្អួចដែលកើតឡើងនៅក្នុងភូមិសាស្រ្តខាងលើនោះ ត្រូវបានស្ងប់ស្ងាត់មួយរយ:តូចមកហើយ ក្រោយពីមានការបង្រ្កាបជាញឹកញាប់ និងដដែលជាដដែលពីសំណាក់សមត្ថកិច្ច និងក្រោយពីមានការចុះអនុវត្តយុទ្ធនាការបង្រ្កាបបទល្មើសព្រៃឈើពីគណកម្មការចម្រុះថ្នាក់ខេត្តរួចមកហើយដែរនោះ ។ ថ្មីៗនេះក៏បានកក្រើកឡើងវិញ ដោយពុំមានការខ្លាចរអារ និងច្បាប់នោះឡើយ ហើយឈ្មួញខ្លាចតែបុគ្គលអនុវត្តច្បាប់តែប៉ុណ្ណោះ ។

ជាក់ស្តែង គេបានល្បីថាមានឈ្មួញម្នាក់ ឈ្មោះចែពុយ នៅចំនុច ផ្លូវចូលវារីអគ្គីសនី សេសានក្រោម២ ដែលស្ថិតនៅក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង គឺគាត់បាននៅតែបន្តសកម្មភាពផ្គើននិងយុទ្ធសាស្រ្តអនុវត្តច្បាប់របស់សមត្ថកិច្ច ហើយនៅប្រព្រឹត្តបទល្មើសព្រៃឈើ យ៉ាងសកម្មថែមទៀត ដោយមានការដឹក
ជញ្ជូនបទល្មើសទាំងនេះ ចេញពីភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន ដោយឆ្លងកាត់តាមតំបន់ទំនប់វារីអគ្គីសនីសេសានក្រោម២ឆ្ពោះទៅកាន់គោលដៅ ។

ដោយឡែកនៅក្នុងថ្ងៃទី១៩វិច្ឆិកាថ្មីៗនេះទគណៈបញ្ជាការឯកភាពខេត្ត ដែលមានលោក ម៉ុមសារឿន អភិបាល នៃគណអភិបាលខេត្ត បានបញ្ជាឲ្យកម្លាំងមានសមត្ថកិច្ច ចុះបង្រ្កាបលើបទល្មើសនេះ ក្នុងនោះសមត្ថកិច្ចបង្ក្រាបបានរថយន្តប្រភេទសាំយ៉ុងចំនួន២គ្រឿង និងទូកដឹកឈើចំនួន ១គ្រឿង ដែលគេដឹងថាជារបស់ចែពុយ ។

លោក ហ៊ុន សំអឿន មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានឲ្យដឹងថា:រថយន្តសាំយ៉ុង ដែលបម្រើបទល្មើសឈើនេះ គឺជារបស់ចែពុយ ។ ហើយរថយន្តនេះពាក់ស្លាកលេខភ្នំពេញ2U 3701 ពណ៌ស្លែរ ដឹកសុទ្ធតែសន្លឹកទ្វារ ។ ក្រោយមកសមត្ថកិច្ចកំពុងចុះបន្តបង្រ្កាបរថយន្តសាំយ៉ុងដឹកឈើ១គ្រឿងទៀតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q 6097 ក៏ជារថយន្តរបស់ចែពុយដែរ ។បើតាមប្រភពបានឲ្យដឹងថា:មុខរបររកស៊ីឈើល្មើសច្បាប់ នៅភូមិសាស្រ្តស្រុកសេសាននេះ គឺត្រូវបានគេដាក់ការសង្ស័យថាមានការរៀបចំយុទ្ធសាស្រ្តដើម្បីទៅប្រព្រឹត្ត បទល្មើសព្រៃឈើនៅទីនោះ ដោយមានសិប្បកម្មកែច្នៃឈើជាច្រើនកន្លែង ដែលរង់ចាំកែច្នៃឈើរួចជាស្រេចនៅទីនោះ ហើយបន្តដឹកជញ្ជូនចេញ តាមរយ:ទូក ឬរថយន្តសាំយ៉ុង តាមដែលអាចធ្វើបាន ឆ្លងកាត់តំបន់វារីអគ្គីសនី ចេញមកផ្នែកខាងក្រៅរួចបន្តដាក់តាមរថយន្តសាំយ៉ុង ឆ្ពោះទៅកាន់ទីផ្សារ ។បច្ចុប្បន្ម សំណុំរឿងប្រព្រឹត្តបទល្មើសព្រៃឈើរបស់ចែពុយ កំពុងស្ថិតក្រោមចំណាត់ការរបស់តុលាការ គេកំពុងរង់ចាំមើលថា តើច្បាប់អនុត្តយ៉ាងណាចំពោះក្រុមឈ្មួញ ប្រព្រឹត្តបទល្មើសព្រៃឈើនេះ ៕