អភិបាលខេត្ត កំពង់ចាម ស្នើដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ

0

កំពង់ចាម : អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាន ស្នើដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយ រាជរដ្ឋាភិបាល កម្ពុជា ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ និង សុខសន្តិភាព ស្ថិរភាពសង្គម ព្រមទាំង អភិវឌ្ឍសេដ្ឋកិច្ចជាតិ ឲ្យ កាន់តែមានភាពរីកចម្រើនរុងរឿង និង ចូលរួមគាំទ្រដល់គោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្ត្រចតុ
កោណ ដំណាក់កាលទី៤ ជាពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ហិរញ្ញវត្ថុ សាផារណៈ កំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ផង ដែរ ។ ការ ស្នើ ឡើង យ៉ាង ដូច្នេះ ក្នុង វេទិកាពិគ្រោះយោបល់ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅក្នុងខេត្តកំពង់ចាម លើកទី២ នាព្រឹក ថ្ងៃ ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ សាលប្រជុំ សាលា ខេត្ត កំពង់ចាម ។

ថ្លែងក្នុង ពិធី នោះ ដែរ លោក អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម ក៏បានអំពាវនាវ ដល់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ ឲ្យ បន្តអនុវត្តសកម្មភាពរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ស្របទៅតាមបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន។
ជាមួយ គ្នានោះ លោក អភិបាលខេត្ត ក៏ បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់បន្តការសម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ដល់អង្គការសង្គមស៊ីវិល ដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងមហាផ្ទៃ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើសកម្មភាពដោយសេរី
គ្មានការគំរាមកំហែង និងមិនលំអៀង ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ ជាមួយ គ្នា នោះ រដ្ឋបាលក្រុង ស្រុក ត្រូវខិតខំផ្សព្វផ្សាយណែនាំ ដល់ប្រជាពលរដ្ឋ ឲ្យ យល់ដឹងពីច្បាប់នៃការខ្ចីប្រាក់ និងកាតព្វកិច្ចសងប្រាក់ ព្រមទាំង មានការប្រុងប្រយ័ត្នជាប្រចាំ ចំពោះសកម្មភាពរបស់ភ្នាក់ងារសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើសកម្មភាព មិនស្របនឹងច្បាប់ និងមានការបោកបញ្ឆោតប្រជាពលរដ្ឋ ដើម្បីទទួលបានកម្ចី ដោយសន្យាផ្តល់នូវការប្រាក់ខ្ពស់ ។ល។ ជាពិសេស រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមេភូមិ មិនត្រូវដើរតួនាទីជាភ្នាក់ងារ របស់ស្ថាប័នមីក្រូហិរញ្ញវត្ថុនោះឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ។
គួរ បញ្ជាក់ ថា វេទិកាពិគ្រោះយោបល់ ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ លើកទី១ បានរៀបចំឡើងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ។ ដោយ ការរៀបចំវេទិកានេះ គឺតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ក្នុងគោលបំណងស្រង់យកនូវសំណូមពរសំខាន់ៗ និងបញ្ហានានា ដែលមិនអាចដោះស្រាយបាន នៅក្នុង ដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត នឹងត្រូវធ្វើរបាយការណ៍ផ្ញើជូនក្រសួងមហាផ្ទៃ ដើម្បីស្នើសុំការសម្របសម្រួល និងជួយគាំទ្រក្នុងការដោះស្រាយ ផង ដែរ ៕