សៀមរាប៖ សមត្ថកិច្ចមេព្រៃ ដឹកនាំដោយតំណាងអាយ្យកាអមសាលាដំបូងខេត្ត ចាប់ឡាន ពណ៌ត្រេអ៊ីដឹកឈើល្មើសច្បាប់១គ្រឿង ក្រោយចាប់ហើយក៏បែកធ្លាយថា ដោយសារឈ្មួញរូបនោះ ឈប់ផ្តល់ផលប្រយោជន៍ឲ្យក្រឡាបញ្ជីម្នាក់ ទើបកើតរឿងបែបនេះ។ ការចាប់រថយន្តដឹកឈើនេះ ធ្វើឡើងនាយប់ថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៤ នៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប នៅផ្ទះឈ្មួញឈើឈ្មោះធី តែម្តង។ ដោយចាប់បានឡានកាមរីឆ្នាំ៩៣ ពណ៌ត្រេអ៊ី ពាក់ស្លាក លេខខ.ម២.៧៩០៣ ឈើប្រភេទធ្នង់ប្រវែង២ម៉ែត្រ៩ដុំ។ តែមេឈ្មួញឈ្មោះធី ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ បានរត់គេចខ្លួនបាត់។
ព័ត៌មាន ពីកន្លែងកើតហេតុបានទម្លាយឲ្យដឹងថា ដើមចមដែលកើតឡើងរហូតមានការដេញចាប់ដល់ផ្ទះ គឺដោយសាឈ្មួញឈើឈ្មោះ ធី រូបនេះកន្លងមកធ្លាប់ដឹកឈើល្មើសច្បាប់ ចូលកមក្រុងសៀមរាប ដោយមាន ភាគហ៊ុន ក្រឡាបញ្ជី នៃស្ថាបន័តុលាការខេត្តសៀមរាបម្នាក់។ ក្រៅពីមានភាគហ៊ុនដឹកឈើល្មើសច្បាប់ ឈ្មួញឈើរូបនេះតែងរាយការណ៍ ពីការដឹកជញ្ជូនឈើខុសច្បាប់គ្រប់រូបភាពឲ្យលោក ក្រឡាបញ្ជីនោះ។ ងាយស្រូល គាត់ (ក្រឡាបញ្ជី) ដេញចាប់ឬ ចរចារគ្នាតាមផ្លូវមួយណាដែលអាចធ្វើទៅបាន។
តែមួយរយៈនេះឈ្មួញឈ្មោះធី កាត់ផ្តាច់ភាគហ៊ុនការដឹកជញ្ជូនឈើ និងឈប់រាយការណ៍ពីសកម្មភាពដឹកឈើផ្សេងៗ ជូនលោកក្រឡាបញ្ជី ហើយបែរទៅរាយការណ៍ឲ្យព្រះរាជអាជ្ញារងផ្សេងវិញ ដែលធ្វើឲ្យបាត់បង់ប្រយោជន៍ ទើបលោកក្រឡាបញ្ជីរូបនោះ រាយការណ៍ទៅសមត្ថកិច្ចឲ្យចាប់ឡាន ឈ្មួញឈ្មោះធីដល់ផ្ទះតែម្តង។ សមត្ថកិច្ចមួយរូបនិយាយថា ឈ្មួញឈើឈ្មោះធី កាលនៅរាយការណ៍ពីសកម្មភាព ដឹកជញ្ជូនឈើក្នុងខេត្តសៀមរាបឲ្យលោកក្រឡាបញ្ជី គាត់ជិះឡានពណ៏ត្រេអ៊ីស្លាកលេខខ.ម ដឹកឈើផង ដើរចាប់ឈើគេផង ហើយមានពេលខ្លះ គាត់អួតអាងថា គាត់ជាអ្នករាយការណ៍ឲ្យព្រះរាជអាជ្ញាថែមទៀត។
កាលពីថ្ងៃទី៧ខែកក្កដាកន្លងទៅក្នុងប្រតិបត្តិការ បង្ក្រាបទីតាំងស្តុកឈើដែលឈានដល់ការឃាត់ខ្លួនមនុស្ស ឈ្មួញឈ្មោះធី បាននិយាយថា ខ្លួនជាអ្នកឲ្យព្រះរាជអាជ្ញាមកចាប់ ហើយខ្លួនក៏ធ្លាប់ឲ្យព្រះរាជអាជ្ញាចាប់ប៉ុន្មានកន្លែងមកហើយ។ យ៉ាងណាក៏ដោយសកម្មភាព លោកក្រឡាបញ្ជីម្នាក់នោះ ជាមួយបទល្មើសព្រៃឈើក្នុងខេត្តសៀមរាប បានធ្វើឲ្យមន្ត្រីតុលាការមួយចំនួនធំ សម្តែងការមិនពេញចិត្ត។ ក្រៅពីនោះក៏បានធ្វើឲ្យសមត្តកិច្ចមួយចំនួន រិះគន់ថា លោកក្រឡាបញ្ជី កំពុងដណ្តើមការងារជំនាញអស់ហើយ។
ព័ត៌មានមិនផ្លូវការ មួយបានបង្ហើបថា បច្ចុប្បន្ន អង្គភាពប្រឆាំងអំពើពុករលួយ កំពុងតាមអង្កេតក្រឡាប ញ្ជីរូបនោះយ៉ាងយកចិត្តទុកដាក់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើក្នុង ខេត្តសៀមរាប។ ជាមួយគ្នានោះក៏មានកាសែតក្នុងស្រុកបានចុះផ្សាយ អំពីការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅលើក្រឡាបញ្ជីរូបនោះផងដែរ។ក្នុងនោះអង្គភាពអាវុធហត្ថអង្គភាពប៉ូលិសនឹងស្ថាប័នមេព្រៃក៍ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយតាមស៊ើបអង្កេតដែរ។
លោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានមានប្រសាសន៍តាមទូរស័ព្ទប្រាប់អ្នកកាសែតថា លោកពិតជាដឹកនាំកម្លាំងសមត្ថកិច្ច បង្ក្រាបឡានដឹកឈើល្មើសច្បាប់នោះមែន។ លោកបន្ថែមថា ក្នុងប្រតិបត្តិការគឺត្រូវឃាត់ខ្លួនជនសង្ស័យ ប៉ុន្តែជននោះបានរត់គេចខ្លួនមុនសមត្ថកិច្ចទៅដល់។ លោក មែន វុទ្ធី មន្ត្រីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ទាំងឈើទាំងឡានបានយកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើ ឃុំព្រះដាក់ រង់ចាំអនុវត្តបន្ត៕L