សៀមរាប៖ ដោយសារកត្តាធម្មជាតិ ភ្លៀង ខ្យល់ កម្តៅថ្ងៃ រុក្ខជាតិ និងអាយុកាលនៃថ្មបានធ្វើឱ្យប្រាសាទបុរាណជាច្រើនបាក់បែក ដួលរលំ និងមានតម្រូវខ្ពស់ឱ្យក្នុងការទល់ទ្រឬជួសជុលឡើងវិញដើម្បីអភិរក្សសំណង់ប្រាសាទបុរាណទាំងនោះបានទាន់ពេលវេលា។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរអប្សរាបានបង្កើតកម្មវិធីបណ្តុះបណ្តាលជាច្រើនដើម្បីអភិវឌ្ឍន៍ធនធានមនុស្សជាអ្នកបន្តវេននាពេលអនាគត។
ជាក់ស្តែងវគ្គបណ្តុះបណ្តាលអំពីការទល់ទ្រសំណង់ប្រាសាទបុរាណ បានបង្ហាត់បង្រៀនសិក្ខាកាមឲ្យយល់ដឹងថាការទល់ទ្រទ្រល់គ្រាន់តែជាសកម្មភាពបណ្តោះអាសន្ន ប៉ុន្តែចាំបាច់ត្រូវតែធ្វើបន្ទាន់ដើម្បីបង្ការគ្រោះថ្នាក់ដល់ប្រាសាទ អ្នកទស្សនាប្រាសាទ ឬកន្លែងណាដែលមានហានិភ័យខ្ពស់ និងរក្សាទ្រង់ទ្រាយដើមប្រាសាទឱ្យនៅដដែល និងសម្រួលដល់កិច្ចការជួសជុលនាពេលអនាគត។
ចំពោះវិធីសាស្ត្រនៃការទល់ទ្រវិញមានចំនួន២ប្រភេទគឺទល់ទ្រដោយឈើ និង ទល់ទ្រដោយបេតុង ដោយអ្នកជំនាញត្រូវសិក្សាលើមូលហេតុមួយចំនួនដែលធ្វើឱ្យប្រាសាទខូចទ្រង់ទ្រាយ ពិនិត្យមើលលើកម្លាំងនិងទម្ងន់សង្កត់ សិក្សាលើសម្ភារនិងបច្ចេកទេសទល់ទ្រតាមរូបមន្តវ៉ិចទ័រ ព្រមទាំងត្រូវរចនាការទល់ទ្រឱ្យសមស្របទៅតាមទម្ងន់ ជៀសវាងគ្រោះថ្នាក់ឬរំខានដល់ភ្ញៀវទេសចរ។
លោក អៀន ធី សិក្ខាកាមមកពីក្រុមអភិរក្សថ្ម បានលើកឡើងថា ខ្ញុំបានសិក្សាស្វែងយល់ច្រើនអំពីរបៀបបច្ចេកទេសនៃការទល់ទ្រថ្ម ការថែទាំថ្ម សម្ភារៈសម្រាប់ប្រើប្រាស់ តើត្រូវធ្វើរបៀបម៉េចដើម្បីទល់ថ្មឱ្យជាប់។ វគ្គសិក្សានេះពិតជាមានប្រយោជន៍ច្រើនសម្រាប់ខ្ញុំ ព្រោះវាជាជំនាញថ្មីមួយទៀតក្រៅពីជំនាញអភិរក្សថ្មដែលខ្ញុំមាន។ ខ្ញុំនឹងយកជំនាញនេះទៅបង្ហាត់បង្រៀនកូនក្រុមរបស់ខ្ញុំឱ្យចេះពីរបៀបទល់ទ្រថ្មសម្រាប់កិច្ចការអភិរក្សប្រាសាទដ៏វែងឆ្ងាយនៅក្នុងតំបន់អង្គរ។
សូមបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេនទៅអនាគតគឺជាកិច្ចការអទិភាពដ៏ចម្បងមួយរបស់អាជ្ញាធរជាតិអប្សរានាពេលបច្ចុប្បន្ន ហើយអាជ្ញាធរជាតិអប្សរាតែងតែធ្វើការបណ្តុះបណ្តាលអ្នកជំនាញជាតិទាំងការអនុវត្តផ្ទាល់និងទ្រឹស្ដី។ ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរាក៏តែងតែសហការជាមួយដៃគូ អន្តរជាតិអញ្ជើញអ្នកជំនាញបរទេសផ្សេងៗ ដែលមានបទពិសោធន៍ ចំណេះដឹងខ្ពស់ទៅលើការងារអភិរក្ស អភិវឌ្ឍន៍ទេសចរណ៍ ក៏ដូចជាការងារអភិវឌ្ឍសង្គម ដើម្បីធ្វើការបណ្តុះបណ្តាលអ្នកជំនាញជាតិឲ្យកាន់តែមានមានចំណេះដឹងនិងចំណេះធ្វើទូលំទូលាយ។
តាមរយៈការបណ្តុះបណ្តាលនេះ អាជ្ញាធរជាតិអប្សរាក៏កំពុងក្លាយជាស្ថាប័ននាំមុខគេអំពីការបណ្តុះបណ្តាលក្នុងបណ្តាប្រទេសអាស៊ានលើផ្នែកអភិរក្សបេតិកភណ្ឌ ជាពិសេសទៅលើការអភិរក្សថ្មនិងប្រាសាទបុរាណ៕




































