បន្ទាយមានជ័យ៖សមត្ថកិច្ចពេទ្យសត្វសហការនឹងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានឆ្មក់ ស្ទាក់បង្ក្រាបសាច់និងគ្រឿងក្នុងសត្វជ្រូកទម្ងន់ជិត១តោន ដែលនាំចូលពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយនាំមកធ្វើការវិភាគ ពិនិត្យនិងសុំគោលការណ៍ហើយបំផ្លាញចោលនៅក្រុងសិរីសោភ័ណ ។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យបាលនៃមន្ទិរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យប្រាប់ថា សាច់និងគ្រឿងក្នុងសត្វជ្រូកនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញសហការនឹងកម្លាំងនគរបាលខាងលើឆ្មក់ស្ទាក់បង្ក្រាបពីរម៉ូតូសណ្តោងរ់ទេះអូសរបស់ម្ចាស់ឈ្មោះរេត វិុត ភេទប្រុសជាកម្មករដែលកម្មករបានដឹកជញ្ជូនពីផ្សាររោងក្លឿមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីល្ងាចចុងសប្ដាហ៍ ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចមុខផ្ដាររ៉ា ផ្លូវជាតិលេខ៥ ភូមិ/សង្កាត់/ក្រុងប៉ោយប៉ែត ។
ប៉ុន្តែកម្មករខាងលើមិនព្រមប្រាប់ថា ម្ចាស់ទំនិញនេះជានរណាឡើយ។
មន្ត្រីជំនាញបានត្រួតពិនិត្យនិងវាយតម្លៃគុណភាពឃើញថា ផលិតផលសាច់និងគ្រឿងក្នុងជ្រូកទាំងនោះ ជាផលិតផលនាំចូលពីប្រទេសថៃ ពុំមានលិខិតអនុញ្ញាតិច្បាប់ មិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ។ហើយបារម្ភយ៉ាងខ្លាំងនឹងការចម្លងជំងឺផ្តាសាយជ្រូកអាហ្វ្រិច ។
ផ្នែកតាមច្បាប់សុខភាពសត្វនិងផលិតកម្មបានចែងថា ជំពូក៤ មាត្រា៦០ ចំពោះការនាំចូលសត្វនិងផលិតផលសត្វត្រូវមានវិញ្ញបនប័ត្របសុព្យាបាលដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសនាំចេញនិងគោរពបទដ្ឋានបច្ចេកទេសនៃព្រះរាជាណាចក្រកម្ពុជា ។
និងផ្នែកតាមសារាចរណ៍លេខ០៧សរចុះថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៩ ចំណុច២ ចែងថា ” ផលិតផលដែលមានដើមកំណើតសត្វជ្រូកគ្រប់ប្រភេទខុសច្បាប់ត្រូវហាមឃាត់ទុកឬបំផ្លាញចោលតាមវិធានបសុពេទ្យ
ចំណែកលោកតេង សាម៉ៃ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យអោយដឹងថា ៖ អយ្យការបានឃើញនិងអនុញ្ញាតិអោយដុតកម្ទេចចោលតាមនិតិវិធីហើយ ៕ ដោយ៖ឃិន គន្ធា





































