ទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤

0

សៀមរាប៖ នៅព្រឹកថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប មានប្រារព្ធធ្វើ ទិវាអន្តរជាតិ រំលឹក ដល់ជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងនៃគណៈភិបាល ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរស្រុក មន្ត្រីរាជការ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ប្រមាណជាង ៥០០នាក់ចូលរួម ។
បើទោះជាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក វានៅតែស្ថិតនៅក្នុងបញ្ហាប្រឈម ចំពោះការអភិវឌ្ឍជាតិ ប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ និង បន្សល់ផលវិបាកជាបន្ទុកសម្រាប់សង្គម ! ដូច្នេះ ( ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ) ។ យោងតាមការប្រៀបធៀបទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅខេត្តសៀមរាប រយៈពេល១០ខែ រវាងឆ្នាំ២០១៨និងឆ្នាំ២០១៩ ឃើញថាឆ្នាំ២០១៨មានគ្រោះថ្នាក់ចរាចរណ៍ចំនួន៥៨ករណី ឆ្នាំ២០១៩មានចំនួន ៧៤ករណី កើនឡើង១៦ករណី មានអ្នកគ្រោះថ្នាក់២០៦នាក់ ស្រី៨១នាក់, បណ្តាលឲ្យស្លាប់ចំនួន៧៤នាក់ ស្រី១៨នាក់, របួសធ្ងន់ចំនួន ៤២នាក់ ស្រី២១នាក់, របួសស្រាលចំនួន៩០នាក់ ស្រី៣៨នាក់។
លោក គី វិរិន្ទ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ប្រធានលេខាធិការដ្ឋាននៃអនុគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានបង្ហាញនិន្នន័យនេះ នាព្រឹកថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្រុកសូទ្រនិគម ក្នុងពិធីប្រារព្ធទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ ។ លោក គី វិរិន្ទ បានបញ្ជាក់ទៀតថា ដូចគ្នានឹងរបាយការណ៍របស់នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបង្ហាញថា ១០ខែចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរកត់សម្គាល់ ។ លោកបានវាយតម្លៃថា (បើគិតជាមធ្យមក្នុងខេត្តសៀមរាបយើង ក្នុងមួយសប្តាហ៍មានប្រជាពលរដ្ឋស្លាប់២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍) ដែលជាបញ្ហាប្រឈម ចំពោះការអភិវឌ្ឍជាតិ សុខុមាលភាពប្រជាជន ប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល និង បន្សល់ផលវិបាកជាច្រើនទៀតក្នុងសង្គមជាតិ ដូចជាបានបង្កើតឡើងនូវសោកនាដកម្ម បន្សល់ទុកកូនកំព្រា ស្រ្តីមេម៉ាយ និងពិការ
ភាពជាដើម ។
លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត អនុប្រធាន អនុគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានមានប្រសាសន៍ថា ៖ ការប្រារព្ធទិវានេះ គឺជាការបន្លឺស្នូជួងជាថ្មីទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកដែលទើបតែមានការធ្វើវិសោធនកម្មថ្មី ដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវ ទាំងថ្មើរជើងនិងអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវតែផ្លាស់ប្តូរឥរិយាបថ ដែលមិនគោរពច្បាប់ មកប្រកាន់យកឥរិយាបថ ចេះអព្យាស្រ័យគ្នា និងគោរពច្បាប់ចរាចរណ៍ នៅពេលធ្វើដំណើរ និង បើកបរយានយន្ត ។ លោក ពិន ប្រាកដ បញ្ជាក់ថា ជាសាកលនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងទូទាំងពិភពលោក បានប្រារព្ធទិវានេះដូចគ្នា រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ។ សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ស្តីពីទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺកាត់បន្ថយចំនួនអ្នកស្លាប់ឲ្យបាន ៥០% នៅក្នុងឆ្នាំ២០២០ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញនូវអានុសាសន៍ និង អំពាវនាវឲ្យជាពលរដ្ឋកម្ពុជា អនុវត្តដោយការចងចាំ ( ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ) ៕