ផ្ទះទី១របស់ចលនាយុវជនកម្ពុជាក្រុម១៥៧ ប្រគល់ផ្ទះមួយខ្នងជូន គ្រួសារពលរដ្ឋជួបការលំបាក

0

បន្ទាយមានជ័យ ៖ ផ្ទះទី១ផ្ទះ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ពីចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ ត្រូវបានប្រគល់ជូនគ្រួសារពលរដ្ឋជួបការលំបាក មួយគ្រួសារនៅស្រុកមង្គល់បុរីនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ពិធីប្រគល់ផ្ទះខាងលើប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោក ចៅ ជីអាន ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងសមាជិកសមាជិកាចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានចូលរួមជាច្រើននាក់ទៀតផងដែរ ។
លោក ផូ ស៊ីតាល់ ប្រធានផ្នែករដ្ឋបាលចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ផ្ទះមួយខ្នងសង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានទំហំ៥គុណនឹង៧ម៉ែត្រ មានសំយ៉ាបមកមុខ២ម៉ែត្រ ត្រូវបានប្រគល់ជូនគ្រួសារលោកតាឈ្មោះ លី សារី អាយុ៦៨ឆ្នាំ មានប្រពន្ធឈ្មោះ ឈាន កូឡា អាយុ៦២ឆ្នាំ ដែលរងគ្រោះបាក់ដីនិងផ្ទះនៅមាត់ស្ទឹងកាលពីកន្លងទៅ នៅចំណុចភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ក្រៅពីផ្ទះនៅមានអំណោយជា គ្រឿងឧបភោគបរិភោគមួយចំនួនទៀតដូចជា ៖ ១.អង្ករ១ការ៉ុងទំងន់៥០គីឡូក្រាម ២.មី១កេស ៣.អំបិលអ៊ីយ៉ូត១គីឡូក្រាម ៤.ស្កសរ១គីឡូក្រាម ៥.ត្រីខ១យួរ ៦.ទឹកត្រី១យួរស្មើ៦ដប ៧.ទឹកស៊ីអ៊ីវ១យួរស្មើ៦ដប ៨.ប៊ីចេង១កញ្ចប់ស្មើ១គីឡូក្រាម ៩.ប្រេងឆា១ដបស្មើ១លីត្រ ១០.ទឹកបរិសុទ្ធ៥យួរ និងថវិកាមួយចំនួន។
លោក ចៅ ជីអាន ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ ក្រុមចលនាយុវជនកម្ពុជាក្រុម១៥៧ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ខណៈដែលកងទ័ពសៀមកំពុងឈ្លានពានយកប្រាសាទព្រះវិហារ ដែលមានឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ជាស្ថាបនិក និងឯកឧត្តម ម៉ឹង ពន្លក ជាប្រធានសមាគម បានផ្តួចផ្តើមបង្កើតឡើងដើម្បីកៀរគរសប្បុរជនជួយដល់កងកម្លាំងយោធា ដែលឈរជើងនៅជួរមុខ តែដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាចក្រកម្ពុជា ធ្វើឲ្យប្រទេសមានសុខសន្តិភាព ទើបសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ យកការងារមនុស្សធម៌នេះ មកជួយដល់ប្រជាពលរដ្ឋដែលខ្វះខាត នៅតាមមូលដ្ឋានវិញ ដូចដែរការចុះចែកផ្ទះជូនពលរដ្ឋជួបការលំបាក នាពេលនេះតែម្តង ។
ជាមួយគ្នានេះឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ក្រុមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ ដែលបានកៀរគរ ថវិកាដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងចែករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ។ ឯកឧត្តមក៏បាន មានប្រសាសន៍ សំណូមពរដល់ក្រុមយុវជន១៥៧ ឲ្យបន្តធ្វើសកម្មភាពមនុស្សធម៌នេះ ជាបន្តបន្ទាប់ទៀត ។ ក្នុងនោះឯកឧត្តម ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តមចំនួន២០ម៉ឺនរៀលជូនគ្រួសារពលរដ្ឋទទួលអំណោយនាឱកាសនោះផងដែរ ៕ដោយ៖ឃិន គន្ធា