កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាន អំពាវនាវដល់គ្រប់បណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការ និងសហការគ្នា ចូលរួមអនុវត្តច្បាប់ចរាចរណ៍ សំដៅប្រែក្លាយផែនការសកម្មភាព សុវត្ថិភាពចរាចរណ៍ របស់អនុគណៈកម្មការ
សុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ចាម ឲ្យក្លាយទៅជាសកម្មភាពជាក់ស្ដែង និងមានប្រសិទ្ធភាពខ្ពស់ ដោយការអនុវត្ត នូវតំបូន្មាន ១១ចំណុច គឺ ៖ ១.ត្រូវពាក់មួក និងខ្សែក្រវ៉ាត់សុវត្ថិភាព រៀរាល់ពេលធ្វើដំណើរ ។ ២.ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ។
៣.ត្រូវយល់ដឹង និងគោរពសិទ្ធអាទិភាព ។ ៤.ត្រូវត្រួតពិនិត្យយានយន្តឲ្យមានសុវត្ថិភាពល្អ ។ ៥.ត្រូវប្រើប្រាស់សម្ភារៈងាយមើលឃើញ នៅពេលដើរ ឬជិះកង់ ។ ៦.កុំបើកបរហួសល្បឿនកំណត់ ។ ៧.កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ។ ៨.កុំប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ ៩.កុំបើកបរ ឬធ្វើដំណើរតាមយានយន្តផ្ទុកលើសចំណុះ ។ ១០.កុំប្រើប្រាស់ទូរស័ព្ទពេលបើកបរ ។ និង១១.សូមប្រកាន់ខ្ជាប់ខ្ជួនទាំងអស់គ្នា នូវអនុសាសន៍ ដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ ៖
«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!»។ ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាធាយ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ៕






































