សៀមរាប៖ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្រ្កាបករណីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ិនធើណិត នៅចំនុចផ្ទះជួល ភូមិវិហារចិន សង្កាត់ ស្វាយ
ដង្គំ ក្រុង/ខេត្តសៀមរាប និងបាននាំខ្លួនជនសង្ស័យចំនួន ០២នាក់ រួមនឹងវត្ថុតាង កុំព្យូទ័រយួដៃ ចំនួន ០៣គ្រឿង-ទូរស័ព្ទដៃ ០៥គ្រឿង និងសម្ភារៈវត្ថុតាងមួយចំនួនទៀតបញ្ជូនមកសាកសួរនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅវេលាម៉ោង១៦:០០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។
ជនសង្ស័យទាំងពីរនាក់នេះមានឈ្មោះ ទី១-ឈ្មោះ MA LIANG ភេទ ប្រុស កើតថ្ងៃទី ៣០-០៤-១៩៨៦ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៤៧៤៨៦៦១២ និងទី២-ឈ្មោះ ZENG WEIDONG ភេទ ប្រុស កើតថ្ងៃទី ២៥-០១-១៩៨៨ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៥៥០៧៥៣៧៩ ។
តាមការសាកសួរ ជនសង្ស័យទាំងពីរនាក់បានឆ្លើយថា ៖ពួកគេគឺភ្នាក់ងារបើកគណនេយ្យឲ្យភ្ញៀវជនជាតិចិន ដែលមានបំណងលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធើណិតនៅប្រទេសចិន និងទទួលបានប្រាក់ខែចំនួន ៥០០០យ័ន ក្នុងមួយខែ។
ក្រោយការសាកសួរជនសង្ស័យទាំងពីរនាក់ខាងលើនេះត្រូវបាន លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ អ៊ុន ណារាជ្យ




































