សៀមរាប: នៅខែវិច្ឆិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីអ្នកបន្តវេនផ្នែកអភិរក្សទេសភាពវប្បធម៌អង្គរ ក្រោមប្រធានបទ “ ការបង្ការហានីភ័យដើមឈើក្នុងឧទ្យានអង្គរ” ដល់មន្រ្តី-បុគ្គលិកនៃនាយកដ្ឋានគ្រប់គ្រង
ព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ ដែលសរុបអ្នកចូលរួមចំនួន២០នាក់។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងជាអ្នកសម្របសម្រួលវគ្គបណ្ដុះបណ្ដាលបានឱ្យដឹងថា វគ្គសិក្សានេះធ្វើឡើងក្នុងបំណងចែករំលែកចំណេះដឹងទាក់ទងនឹងការគ្រប់គ្រង និងបង្ការព្រៃឈើហានិភ័យក្នុងរមណីយដ្ឋានអង្គរដល់មន្រ្តី និងបុគ្គលិក នៃនាយកដ្ឋានទាំង២ខាងលើ ឱ្យយល់ពីកិច្ចការនេះកាន់តែល្អប្រសើរ។
លោកបន្តថា វគ្គបណ្ដុះបណ្ដាលនេះធ្វើបទបង្ហាញដោយ លោក យិន សូវ៉ាត និងលោក ហែ ហ៊ត ដែលជាមន្រ្តីមានបទពិសោធន៍ច្រើនឆ្នាំលើ ការអង្កេតដើមឈើហានិភ័យ និងបច្ចេកទេសកាត់ក្រី ដើម្បីចែករំលែកចំណេះដឹងដល់មន្រ្តី-បុគ្គលិកដែលមានបទពិសោធន៍តិចតួច ដើម្បីពង្រឹងចំណេះដឹងទាក់ទងនឹងព្រៃឈើហានិភ័យឱ្យកាន់តែមានប្រសិទ្ធិភាពខ្លាំង ក្នុងន័យអ្នកចេះច្រើនបង្រៀនអ្នកចេះតិច។
បន្ថែមពីនេះក្រៅពីសិក្សាពីទ្រឹស្ដីហើយ សិក្ខាកាមទាំងអស់នឹងចុះទៅអនុវត្តន៍ផ្ទាល់ពេញមួយថ្ងៃនៅការដ្ឋានប្រាសាទព្រះខ័ន និងប្រាសាទប្រី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
ប្រធានបទសំខាន់ៗក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺទាក់ទងនឹងការកំណត់ និងពិនិត្យដើមឈើហានិភ័យ ដើម្បីចុះព្យាបាល កាត់ក្រី និងកាត់ដកហូត បច្ចេកទេសទល់ទ្រ។ល។ ដើម្បីបង្ការហានិភ័យទុកជាមុនដល់ប្រាសាទ ក៏ដូចជាភ្ញៀវទេសចរ៕





































