ខេត្តកំពង់ធំ៖ ក្រុមគ្រួសារអតីតយុទ្ធជនពិការ បងប្អូនសោធន៍និវត្តន៍ និងគ្រួសារពលីសរុបចំនួន៦គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត នៅស្រុកតាំងគោក ខេត្តកំពង់ធំ បានទទួលជំនួយឧបត្ថម្ភពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កង ទ័ពជើងគោក និងជា អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា។
ពិធីប្រគល់អំណោយ គឺត្រូវបានធ្វើឡើងតាមរយះ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ចុះចែកនៅព្រឹកថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅបញ្ជាការដ្ឋានផ្នែកសឹករងតាំងគោកនៃ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ចំនួន ២៥ គីឡូក្រាម មីយើងចំនួនមួយកេស ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ និងថវិកាមួយចំនួន ។
ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបាន មានប្រសាសន៍ ថា បងប្អូនអតីតយុទ្ធជន និងបងប្អូនគ្រួសារអតីតយុទ្ធជនពលីនៅគ្រប់ទីកន្លែង គឺត្រូវបានយកចិត្តទុកដាក់ ពី ជីវភាពរស់នៅ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដូចជាបៀវត្សរ៍ និងទទួលបានការមើលថែទាំ ពីគណកម្មាធិការសមាគមអតីតយុទ្ធជន រួមទាំងជួយដោះស្រាយឧបត្ថម្ភជីវភាព រស់នៅប្រចាំថ្ងៃ ផ្តល់ជូនប័ណ្ណមូលនិធិសមធម៍ សុខាភិបាល ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (បសស) ព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋនានានៅទូទាំងប្រទេសដោយឥតគិតថ្លៃ និងការបើកប្រាក់បេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពបានទាន់ពេលវេលា ។
ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បន្តថាបច្ចុប្បន្ន ខេត្តកំពង់ធំអតីតយុទ្ធជន ដែលមានជម្រកស្នាក់នៅមិនសមរម្យ ចំនួន១៣៥គ្រួសារ ដែលត្រូវបានទទួលការសាងសង់ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយឯកឧត្តម ទេសរដ្ឋមន្ត្រីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
អតីតយុទ្ធជនបានថ្លែងអំណរគុណ ដ៍ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបាន គិត គូរដល់ជីវភាពរស់នៅ របស់បងប្អូននិងក្រុមគ្រួសារអតីតយុទ្ធជន នៅគ្រប់ទីកន្លែង ដោយមិនដែលបោះបង់ បងប្អូនចោលនោះឡើយ និងសូមគោរពជូនពរសម្តេចទាំងពីរ និង បុត្រា បុត្រី ចៅប្រុស ចៅស្រី បានជួប តែសេចក្ដីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច ក្នុងការដឹកនាំនាវាកម្ពុជាដើម្បីសន្តិភាព និងការ អភិវឌ្ឍន៍ រីកចម្រើន ។
ដោយ ប៊ុន រដ្ឋា





































