សៀមរាប៖ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តបានអញ្ជើញជួបពិភាក្សារការងារជាមួយ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន
ក្រុមការងារគ្រប់គ្រងមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍នៃក្រសួងទេសចរណ៍ ដើម្បីធ្វើការពិភាក្សាស្ដីពីការគ្រោងសាងសង់មណ្ឌលព័ត៌មានទេសចរណ៍ស្តង់ដាជាតិមួយកន្លែងទៀតក្នុងក្រុសសៀមរាប រួមជាមួយនឹងបន្ទប់ទឹកសាធារណៈស្តង់ដាអាស៊ានដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
ឯកឧត្តម ថោង រដ្ឋសក្តិ មានប្រសាសន៍ថា គោលបំណងនៃកិច្ចពិភាក្សានៅពេលនេះ គឺដើម្បីធ្វើការពិនិត្យមើលលើទីតាំងនៃការសាងសង់មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ គម្រោងសាងសង់ និងប្លង់ នៃរចនាបថអគារមជ្ឈមណ្ឌល ព្រមទាំងរៀបចំសមាសភាពគណ:កម្មការសាងសង់ ដោយសារតែពីពេលថ្មីៗកន្លងមកនេះក្រសួងទេសចរណ៍បានដាក់ចេញនូវលិខិតស្នើសុំពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដើម្បីសុំផ្តល់នូវអនុសាសន៍ណែនាំពាក់ព័ន្ធ នឹងការងាររៀបចំសាងសង់មណ្ឌលព័ត៌មានទេសចរណ៍ថ្មីនេះ និងដើម្បីលើកកម្ពស់ការបម្រើសេវាកម្មព័ត៌មានទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ហើយក្រសួងក៏សុំស្នើដល់ឯកឧត្តមអភិបាលខេត្ត ជួយសហការ និងសម្របសម្រួលលើកិច្ចការសាងសង់មណ្ឌលព័ត៌មានទេសចរណ៍ក្នុងខេត្តសៀមរាបនេះ ។
ក្នុងឱកាសនោះដែរ លោក នាក់ណេរ៉ុន ក្នុងនាមតំណាងឲ្យឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ដែរថា ចំពោះការស្នើសុំទីតាំងសាងសង់មណ្ឌលព័ត៌មានទេសចរណ៍ស្តង់ដាជាតិ រួមជាមួយនឹងបន្ទប់ទឹកសាធារណៈស្តង់ដាអាស៊ាននេះ ឯកឧត្តមអភិបាលខេត្ត ក៍ដូចជាអាជ្ញារធខេត្តបានឯកភាព និងជួយសហការ សម្របសម្រួលលើ កិច្ចការសាងសង់មណ្ឌលព័ត៌មានទេសចរណ៍សៀមរាបនេះ ដោយសារខេត្តសៀមរាប គឺជាខេត្តទេសចរណ៍ដូចនេះការបង្កើតឲ្យមានមណ្ឌលព័ត៌មានទេសចរណ៍ស្តង់ដាជាតិ រួមជាមួយនឹងបន្ទប់ទឹកសាធារណៈស្តង់ដាអាស៊ានបន្ថែមទៀតវាក៏ជាកត្តាមួយដែលល្អក្នុងការជួយសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរ ជាតិជាពិសេសក្នុងពិធីបុណ្យធំៗផងដែរ ។
លោកអភិបាលរងបន្តថា ក្នុងដែរចំពោះទីតាំងដែលអាជ្ញាធរខេត្តផ្ដល់ជូនសម្រាប់សាងសង់នេះ គឺមានទំហំ ៣៥ម x ៣៥ម ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប(កែងសណ្ឋាគារសុខាសៀមរាប ) ដែលគម្រោងសាងសង់មណ្ឌលព័ត៌មានទេសចរណ៍នេះ ត្រូវបានគាំទ្រទាំងស្រុងដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏ដូចជា អាជ្ញាធរជាតិអប្សរារួចមកហើយ ។
គួរបញ្ជាក់ថា កន្លងមកក្នុងខេត្តសៀមរាបមានមណ្ឌលព័ត៌មានទេសចរណ៍ស្តង់ដាជាតិ រួមជាមួយនឹងបន្ទប់ទឹកសាធារណៈស្តង់ដាអាស៊ាន មានចំនួន៣ទីតាំងរួចមកហើយ ក្នុងនោះទី១នៅសួនច្បារឯកឧត្តម អ៊ុង អឿន ទី២នៅសួនច្បារGrand Hotel ,និងទី៣ គឺនៅគល់ស្ពានមន្ទីរទេសចរណ៍ចាស់ ហើយក្នុងពេលខាងមុខនេះ គឺគ្រោងនឹងសាងសង់នៅចំនុចកែងសណ្ឋាគារ សុខាសៀមរាប ៕
អត្ថបទ និង រូបភាព ៖អ៊ុន ណារាជ្យ, ខេង ឧត្តម




































