កំពង់ចាម: បន្ទាប់ ពី ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន កាលពី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លង ទៅ ថ្មីៗ នេះ បានចេញសារាចរណែនាំ ស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ខណៈដែលកម្ពុជានឹងជួបគ្រោះរាំងស្ងួត អាកាសធាតុក្ដៅខ្លាំង ហើយរដូវវស្សា នឹងមកដល់មានសភាពយឺតយ៉ាវ
ផង នោះ នាព្រឹក ថ្ងៃ ទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ រដ្ឋបាល ខេត្តកំពង់ចាម បាន បេីក កិច្ច ប្រជុំ ផ្សព្វផ្សាយ សារាចរណែនាំស្តីពីការចាត់វិធានការថែរក្សាទឹកទុក ក្រោម វត្តមាន លោក ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និង លោក អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម ។
តាមសារាចរណែនាំស្តីពីការចាត់វិធានការថែរក្សាទឹកទុក យោងតាមការព្យាករ ក៏ដូចជាស្ថានភាពជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថា ក្នុងឆ្នាំ២០១៩នេះ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែលនីណូ ( El Nino) ដោយបានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើន ដូចជា៖ធាតុអាកាសមានសភាពក្តៅហូតយ៉ាងខ្លាំង រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ របាយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសជំនន់មានតែមួយលើក ហើយបន្ទាប់មកក៏បានស្រកចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតមួយដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក ។
បើទោះបីជាចាប់ពីខែកក្កដា ឆ្នាំ២០១៩ បាតុភូត អែល នីណូ បានថមថយឥទ្ធិពលជាបណ្តើរៗ ទន្ទឹមនឹងអាងទឹកនាពេលកន្លងមកបានរក្សាទឹកទុកស្ទើរតែ១០០ភាគរយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសយ៉ាងណាក្តី បញ្ហាគ្រប់គ្រងនិងប្រើប្រាស់ទឹកនៅតែត្រូវបានចាត់ទុកជាអាទិភាព ដើម្បីបម្រើឲ្យស្រវធ្ងន់ចុងរដូវវស្សា ស្រវរដូវប្រាំង ២០១៩-២០២០ និងការប្រើប្រាស់ប្រចាំថ្ងៃរហូតដល់មានភ្លៀងកក់ខែនាឆ្នាំថ្មី ។
យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម ៖
១- ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០១៩ – ២០២០ គឺអាចធ្វើបានតែ ១ដង ប៉ុណ្ណោះ ដោយមិនអាចធ្វើស្រែវប្រាំងលើកទី២ បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀត ក្រៅពីស្រវ ។
២- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ ៕





































