ខេត្តស្ទឹងត្រែង÷ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅស្រុកថាឡាបរិវ៉ាត់ បានទទួលអំណោយដ៏ថ្លៃថ្លា ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈអភិបាលខេត្តស្ទឹងត្រែង ។ដំណើរអញ្ជើញជួបសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះខាងលើនេះ
ដឹកនាំដោយអភិបាលខេត្តលោក ម៉ុម សារឿន រួមនិងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា !ហើយក្នុងនោះ ក៏មានការអមដំណើរដោយលោកអភិបាលស្រុកថាឡាបរិវ៉ាត់ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់ស្ថាប័ន និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ កាលពីរសៀលថ្ងៃទី២៥វិច្ឆិកាម្សិលម៉ិញ នៅក្នុងដែនដីរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនិងជួបសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់នេះ លោក ម៉ុម សារឿន អភិបាល នៃគណអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាល សម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ នូវសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងផ្ញើក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ ក៏ដូចជាគិតគូរជានិច្ច ចំពោះបងប្អូនប្រជាពលរដ្ឋ មិនថានៅទីកន្លែងណា និងមិនប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ ។
លោក ម៉ុម សារឿន អភិបាលខេត្ត បានបញ្ជាក់ថាៈដោយបានពិនិត្យឃើញស្ថានភាពបែបនេះ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋ
មន្ត្រី បាននាំយកអំណោយ មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះជាចាំបាច់ នៅក្នុងគ្រានេះភ្លាមៗតែម្តង ។ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យខិតខំបង្ករបង្កើនផល ដាំ
ដំណាំរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងសូមប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ នាំឲ្យបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិ ។
ឆ្លើយតបទៅនឹងកាយវិការដ៏ល្អប្រពៃនេះ បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋាននោះ បានសម្តែងនូវអំណរអរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះលោក អភិបាលខេត្ត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តស្ទឹងត្រែង ព្រមទាំងក្រុមការងារទាំងអស់ ដែលគិតគូរពីទុក្ខលំបាករបស់ពលរដ្ឋក្នុងគ្រានេះ និងទាន់ពេលវេលា ។
សូមបញ្ជាក់ថាៈអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិតដែលចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣៣០គ្រួសារ តាមរយៈអភិបាលខេត្ត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តស្ទឹងត្រែងពេលនេះ ដោយក្នុងនោះ មួយគ្រួសារៗ ទទួលបាន : អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងកន្ទេល១ ៕ ដោយៈម៉ាវិន




































