សៀមរាប ៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ មាស សារ៉ន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាបពាក់ព័ន្ធនិងករណីអំពើលួចយកកាបូបលុយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានអោយដឹងថា មុនពេលកើតហេតុជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចលូកយកកាបូបដៃដាក់លុយជនរងគ្រោះឈ្មោះ កេត ម៉ាល័យ ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង /ខេត្តសៀមរាបដែលជនរងគ្រោះកំពុងដើរទិញម្ហូបហើយជនសង្ស័យបានយកកាបូបនោះទៅក្ដោបទុកនឹងពោះតែត្រូវជនរងគ្រោះដឹងខ្លួន ក៏ឃាត់ជនសង្ស័យជាប់ហើយដកយកកាបូបមកវិញ ។
បន្ទាប់មកជនរងគ្រោះក៏ទំនាក់ទំនងមកសមត្ថកិច្ចហើយសមត្ថកិច្ចចុះទៅដល់កន្លែងក៏បាននាំខ្លួនជនសង្ស័យខាងលើមកធ្វើការសាកសួរ ។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច យកកាបូបប្រាក់របស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ហើយសមត្ថកិច្ចយើងក៏បានដកហូតវត្ថុតាងពីជនសង្ស័យ រួមមាន កាបូបដៃដាក់លុយម៉ាកLV ពណ៌ត្នោត ដែលក្នុងនោះមានលុយដុល្លារ ៦៦៦ដុល្លារ លុយខ្មែរ៤៧ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណ ០១សន្លឹក ប័ណ្ណបើកឡានចំនួន០១សន្លឹក និងប័ណ្ណព័ត៌មានរបស់ធនាគាអេស៊ីលីដា ចំនួន០១សន្លឹក ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងកំពុងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕
ដោយ៖ អ៊ុន ណារាជ្យ




































