សៀមរាប៖ ប្រតិភូសមាជិកបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមនិងបច្ចេកវិទ្យានៃប្រទេសវៀតណាម លោក NGUYEN GIANG HAI បានចូលរួមធ្វើបាឋកថាស្ដីពី «វិស័យស្រាវជ្រាវបុរាណវិទ្យានិងការរកឃើញថ្មីៗនៅប្រទេសវៀតណាម» ដែលបានចែករំលែកចំណេះដឹងទាក់ទងនឹងវិស័យបុរាណវិទ្យាដល់មន្រ្តី បុគ្គលិក និងសាធារណជន ដែលសរុបប្រមាណ៥០នាក់។
បាឋកថាដែលរៀបចំឡើងនៅអាជ្ញាធរជាតិអប្សរានាថ្ងៃទី២៧ ខែវិច្ឆិកា លោក NGUYEN GIANG HAI បានបែងចែកជា៧ផ្នែកផ្សេងៗគ្នា នៃការស្រាវជ្រាវថ្មីៗរបស់វៀតណាម ចាប់ពីសម័យបុរេប្រវត្តិ ការរកឃើញនូវស្ថានីយ៍បុរេប្រវត្តិដែលចំណាស់ជាងគេនៅតំបន់អាស៊ី ដែលមានអាយុរហូតដល់ជិត១លានឆ្នាំនៅតំបន់ AnKe ជិតខេត្តរតនគិរី ដែលជាស្ថានីយ៍យុគថ្មចាស់ដំបូងគេ។
បន្ថែមពីនេះ លោក NGUYEN GIANG HAI ក៏បានបង្ហាញពីការរកឃើញឧបករណ៍តន្រ្ដីដែលធ្វើពីថ្ម និងស្រាវជ្រាវបុរាណវិទ្យាក្រោមទឹក ក៏ដូចជាការស្រាវជ្រាវ DNA ជាដើម។ ការស្រាវជ្រាវទាំងនោះមានទាំងគម្រោងរបស់ជាតិ និងគម្រោងសហប្រតិបត្តិការជាមួយអន្ដរជាតិ ដែលផ្នែកបុរេប្រវត្តិសហការជាមួយប្រទេសរុស្ស៊ី ផ្នែកខ្លះជាមួយចិន និងផ្នែកប្រវត្តិសាស្ដ្រសហការជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍មាន កម្ពុជា ឡាវ និងថៃ។ កិច្ចសហការជាមួយកម្ពុជាចាប់ផ្តើមពីឆ្នាំ២០០៧មក គឺតែងមានការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកលើវិស័យបុរាណវិទ្យា។
លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ដែលជាស្ថាប័នធ្វើការជាមួយបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមនិងបច្ចេកវិទ្យានៃប្រទេសវៀតណាម បានឱ្យដឹងថា ភាគីទាំងពីរបានធ្វើការជាមួយគ្នាច្រើនឆ្នាំមកហើយ និងបានចែករំលែកការងារជាច្រើនជាមួយគ្នា។ ហើយនៅពេលនេះ គណៈប្រតិភូវៀតណាម បានចុះមកស្វែងយល់ពីកិច្ចការមួយចំនួនដើម្បីបន្តកិច្ចសហការជាមួយគ្នានាពេលអនាគត៕

ដោយ អ៊ុន រាជ្យ




































