ខ្សែការពារក្លិបបិសាចក្រហម Manchester United កីឡាករ Patrice Evra បានឈានដល់កិច្ចព្រមព្រៀងលើការផ្លាស់ទៅកាន់ក្លិបសេះបង្កង់ Juventus រួចរាល់ហើយ ។ Evra ត្រូវបានគេជឿជាក់ថា បានអះអាងពីការព្រមព្រៀងនេះតាមរយៈអ៊ីម៉េលខណៈដែលរូបគេកំពុងសម្រាក
លំហែកាយនៅក្នុងទីក្រុង ឡូសអេនជើឡេស សហរដ្ឋអាមេរិក ។ ការសម្រេចចិត្តចាកចេញរបស់ Evra គឺស្របពេលដែល Manchester United ទិញបានខ្សែការពារ Luke Shaw ក្នុងតម្លៃខ្លួន៣០លានផោនហើយការមកដល់នេះធ្វើឲ្យ Evra ខ្ទៀតចេញពី ជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Louis van Gaal ។
ក្លិបបិសាចក្រហមក៏ធ្លាប់ដាក់សំណើរបន្តកិច្ចសន្យាថ្មីជាមួយកីឡាករសញ្ជាតិបារាំងរូបនេះផងដែរកាលពីខែមុនប៉ុន្តែនៅពេលនេះក្លិបបានអនុញ្ញាតឲ្យរូបគេចាកចេញទៅកាន់ក្លិបជើងឯកអ៊ីតាលីវិញ។ គួរបញ្ជាក់ថា បច្ចុប្បន្ន Evra កំពុងសម្រាកលំហែកាយនៅសហរដ្ឋអាមេរិកបន្ទាប់ពីរូបគេបានជួយឲ្យក្រុមមាន់គកបារាំងឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃការប្រកួត World Cup ៕





































