អភិបាលខេត្តកំពង់ចាម​៖​ យេីង​ត្រូវ​ប្រេីប្រាស់​ឲ្យ​អស់​លទ្ធភាព​ ដើម្បី​បន្ត​ការ​អភិវឌ្ឍន៍​ ធ្វើ​យ៉ាងណា​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​ កាន់តែ​ប្រសើរ​ឡើង​

0

​កំពង់ចាម​: អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ លោក​​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ យើងត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពធនធាន ដែលបានមកពីថ្នាក់ជាតិតាមរយៈក្រសួង ឬធនធានពីដៃគូនានា ដើម្បីបន្តការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់​ មានភាពប្រសើរឡើង និងចូលរួមដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន​ ឲ្យបានទាន់ពេលវេលា។​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុងកិច្ចប្រជុំ ស្តីពីការពិគ្រោះយោបល់ របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស​ លើសេចក្តីព្រាង​ កម្មវិធីបំនិយោគបីឆ្នាំរំកិលខេត្ត (២០២០ ២០២២)​

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​លើក​ឡើង​ថា​ ការរៀបការងារកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល​(២០២០-២០២២)នេះពិតជាឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ អាណត្តិទី៦របស់រដ្ឋសភា និងគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិយ៉ាងពិតប្រាកដ។​
ជាមួយ​គ្នា​នោះ​ លោក​​អភិបាលខេត្ត​ បាន​បន្ត​ថា​ លទ្ធផលសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ឃុំ/សង្កាត់ ក្រុង/ស្រុក ទទួលបានសរុបចំនួន២.៦៥៧គម្រោង ស្មើនឹង៥៥% នៃគម្រោងស្នើឡើងចំនួន៤.៨២៥គម្រោង មន្ទីរ អង្គភាពគាំទ្របានចំនួន២. ៣២៧គម្រោង អង្គការសង្គមស៊ីវិលគាំទ្រ បានចំនួន៣២៩គម្រោង និងសប្បុរសជនចំនួន០១គម្រោង ។ ដោយឡែក គម្រោងវិនិយោគកំពុងដំណើរការ មានចំនួន២៤គម្រោង ដែលត្រូវចំណាយថវិកាសរុបអស់ ៥០.៣១២លានរៀល និងគម្រោងដែលមានថវិកាគាំទ្រ មានចំនួន៣៧០គម្រោង ដែលត្រូវចំណាយថវិកាអស់ ៣៨៩.២៣០លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២០ ។ ទន្ទឹមនឹងនោះ គម្រោងទាំងនេះ ពិតជាស្ដែងឡើងនូវការរីកចម្រើនលើកគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ មានកំណើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក ហើយជម្រុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត និងការអភិវឌ្ឍប្រទេសជាតិ ឲ្យប្រជាជន រួចផុតពីបន្ទាត់ក្រីក្រ ជាបន្តបន្ទាប់ ផងដែរ​ ៕