អាជ្ញាធរសង្កាត់សៀមរាប បើកយុទ្ធនាការប្រមូលសំរាម នៅផ្នែកខាងក្រោមនៃដងស្ទឹងសៀមរាប ជាប់តំបន់បឹងទន្លេសាប

0

សៀមរាប៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះអាជ្ញាធរសង្កាត់សៀមរាប ក្រុងសៀមរាប បានបើកយុទ្ធនាការប្រមូលសំរាមនៅផ្នែកខាងក្រោមនៃដងស្ទឹងសៀមរាប ជាប់តំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្ររបស់ខ្លួនដើម្បីអបអរទិវាអនាម័យបរិស្ថានជាតិក្រោមប្រធានបទ ភូមិស្អាត សុខភាពល្អ ក្រោមកិច្ចសហការរៀបចំឡើងដោយអង្គការមូលនិធិទំពាំងស្នងឬស្សី និងអង្គការសភាយុវជនពាណិជ្ជករអន្តរជាតិ-កម្ពុជា គាំទ្រដោយអាជ្ញាធរក្រុងសៀមរាប ដោយមានអ្នកចូលរួមជាច្រើនរូប ។

លោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប បានឲ្យដឹងថា បន្ទាប់ពីបានអនុវត្តវិធានការអប់រំលើបញ្ហាបរិស្ថាន និង អនាម័យក្នុងរយៈកាលកន្លងមក នៅក្នុងឆ្នាំ២០២០ ខាងមុខនេះ អាជ្ញាធរនឹងប្រើប្រាស់វិធានការរដ្ឋបាល និងមានការពិន័យជាប្រាក់ចំពោះជនណាមិនព្រមបញ្ឈប់ការបោះសំរាមចោលផ្តេសផ្តាសតាមទីសាធារណៈ ពិសេស បង្កឲ្យមានផលប៉ះពាល់ដល់ បរិស្ថាន អនាម័យ និងសោភ័ណភាពស្ទឹងសៀមរាប ខណៈស្ទឹងនេះ ជាស្ទឹងប្រវត្តិសាស្រ្ត មានអាយុកាលដ៏យូរលង់ មានប្រភពហូរធ្លាក់មកពីភ្នំគូលែន ឆ្លងកាត់លឹង្គមួយពាន់ ដែលបុព្វបុរសខ្មែរ មានជំនឿថា ជាស្ទឹងទឹកមន្តត្រជាក់ត្រជុំដ៏ស័ក្តិសិទ្ធ ហើយក្នុងយុទ្ធនាការនេះ ត្រូវបានធ្វើឡើងព្រមគ្នានៃបណ្តាភូមិទាំង៥របស់សង្កាត់សៀមរាប។

លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី ដែលជាអ្នកសម្របសម្រួលនៃយុទ្ធនាការបរិស្ថាននេះ បានឲ្យដឹងថា ៖ សង្កាត់សៀមរាប គឺជាមូលដ្ឋានផ្នែកខាងក្រោមនៃដងស្ទឹងសៀមរាប ដែលត្រូវទទួលរងសម្ពាធលំហូរសំរាមប្លាសស្ទិកយ៉ាងធ្ងន់ធ្ងរពីតំបន់ខាងលើ ហើយសំរាមទាំងនោះនឹងត្រូវបន្តហូរធ្លាក់ទៅបំផ្លាញបរិស្ថាន អនាម័យ ពិសេសបំផ្លាញជីវចម្រុះនៅតំបន់បឹងទន្លេសាប ដូចនេះ យុទ្ធនាការនេះ ត្រូវបានចាប់ផ្តើមពីសហគមន៍នៃមូលដ្ឋានសង្កាត់សៀមរាប និងត្រូវបន្តឆ្ពោះទៅសហគមន៍មួយចំនួនទៀត ក្នុងតំបន់បឹងទន្លេសាប ដែលហៅថា អបអរយុទ្ធនាការអនាម័យបរិស្ថានជាតិ ឆ្ពោះទៅការប្រារព្ធបុណ្យបរិស្ថានរបស់សហគមន៍បឹងទន្លេសាប ឆ្នាំ២០១៩ ដែលបុណ្យនេះប្រជាសហគមន៍បឹងទន្លេសាប តែងតែប្រារព្ធឡើង ជារៀងរា់ឆ្នាំនារដូវទឹកសម្រក ។

លោក ស៊ា សុផល បានឲ្យដឹងទៀតថា កម្មវិធីនេះមានគោលបំណងដើម្បីបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឲ្យចេះស្រឡាញ់ ថែរក្សា សំអាតអនាម័យបរិស្ថាន ខណៈយុទ្ធនាការសំអាតបរិស្ថានរដូវទឹកសម្រកបឹងទន្លេសាប នឹងកា្លយជាកម្លាំងចលករមួយ ជំរុញឲ្យមានការផ្តើមធ្វើសកម្មភាព មេត្រីបរិស្ថាន ចេញពីសហគមន៍នីមួយៗ ពីបុគ្គលម្នាក់ៗ ដោយការបញ្ឈប់ការបោះសំរាមចោលតាមទីសាធារណៈ ជំរុញការចូលរួមពីសាធារណជន ក្នុងការកាត់បន្ថយ និងការបំពុលដោយសំរាមប្លាស្ទិក លើកកំពស់កិច្ចគាំពារបរិស្ថាននៅកម្ពុជា ជាពិសេសគឺការបំពុលប្រព័ន្ធជីវៈចម្រុះបឹងទន្លេសាប ដែលបង្កឡើងដោយសំរាមប្លាស្ទិក ៕

អត្ថបទ៖ អ៊ុន ណារាជ្យ