មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាទទួលវគ្គបណ្តុះ បណ្តាលស្តីពី”វិធីជ្រើសរើសថ្មប្រាសាទដើម្បីជួសជុល

0

សៀមរាប៖ រយៈពេល០៩ថ្ងៃហើយ ដែលមជ្ឈមណ្ឌលបណ្តុះ បណ្តាលនៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាល អ្នកបន្តវេនបច្ចេកទេសជួសជុល អភិរក្ស និងស្រាវជ្រាវប្រាសាទបុរាណ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មក។

”វិធីជ្រើសរើសថ្មប្រាសាទដើម្បីជួសជុល” គឺជាមេរៀនមួយដ៏មានសារៈសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកអភិរក្សប្រាសាទ ដែលបង្រៀនដោយលោក សារាយ គឹមហួល មន្ត្រីបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទក្នុងឩទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីឱ្យមន្រ្តី-បុគ្គលិកអ្នកជំនាន់ថ្មីទទួលបានចំណេះ ដឹងផ្នែកបច្ចេកទេសវិធីជ្រើសរើសថ្មប្រាសាទពីអ្នក ជំនាញជាតិដែលមានបទពិសោធន៍លើរបៀបនៃការជ្រើសរើសថ្មប្រាសាទដើម្បីជួសជុលអភិរក្សប្រាសាទ។

ក្នុងវគ្គបណ្តុះបណ្តាលនេះ បានបង្ហាញនូវមេរៀនសំខាន់ៗសម្រាប់បណ្តុះបណ្តាលរួមមាន បច្ចេកទេសចុះលេខថ្ម បច្ចេកទេសរើគ្រឹះប្រាសាទ បច្ចេកទេសរៀបគ្រឹះប្រាសាទ បច្ចេកទេសនៃការរកថ្មដែលជ្រុះរាយប៉ាយ សិក្សា Coordonner Polygone សិក្សារយៈកម្ពស់តាមជ្រុងប្រាសាទ សិក្សា Coordonner តាមជ្រុងប្រាសាទ។ល។

អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញដល់មន្ត្រី-បុគ្គលិក ដើម្បីអភិវឌ្ឍន៍សមត្ថភាពនិងចំណេះ ដឹងក្នុងកិច្ចការអភិរក្សជួសជុសបុរាណដ្ឋានក្នុងតំបន់អង្គរឱ្យកាន់តែប្រសើរឡើង ដោយមានទាំងគ្រូជំនាញជាតិនិងអន្តរជាតិមកបង្រៀន។ សង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រី-បុគ្គលិកទាំងអស់ នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងារនៅតំបន់អង្គរបានល្អប្រសើរ៕