សៀមរាប៖ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីសាសនាដែលរៀបចំដោយសមាគមអ្នកប្រតិបត្តិព្រះសេវៈព្រះនាម១០០៨ នៅលិង្គ១ពាន់នៅលើខ្នងភ្នំគូលេន ក្នុងខេត្តសៀមរាប កាលពី ថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កម្ពុជា និងឥណ្ឌាមានទំនាក់ទំនងជាមួយ
គ្នារាប់ពាន់ឆ្នាំមកហើយ ជាពិសេសផ្នែកសាសនា ថ្វីត្បិតកម្ពុជាបច្ចុប្បន្នជាប្រទេសកាន់ព្រះពុទ្ធសាសនា ក៏ប៉ុន្តែក៏មានលាយឡំនៅព្រហ្មញ្ញសាសនាខ្លះៗដែរ។
ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់ថា កម្ពុជាបានបើកចំហរនឹងទទួលស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ទាំងអស់ តាមរយៈកម្មវិធីសាសនានិងកម្មវិធីផ្សេងៗ ហើយ ការទាក់ទាញភ្ញៀវទេសចរតាមរយៈកម្មវិធីសាសនា នេះ គឺជាជាកត្តាមួយដ៏សំខាន់ក្នុងការជំរុញឱ្យភ្ញៀវទេសចរឥណ្ឌាមកទស្សនាកម្ពុជាបានកាន់តែច្រើន និងតាមរយៈវិស័យទេសចរណ៍។
មានប្រសាសន៍នាឱកាសនោះដែរ លោក Sira Judeen គណៈកម្មការអចិន្ត្រៃសមាគមអ្នកប្រតិបត្តិព្រះសេវៈព្រះនាម១០០៨ បានឱ្យដឹងថា នេះជាលើកទី២ហើយដែលឥណ្ឌាបានមកធ្វើកម្មវិធីសាសនានៅក្នុងខេត្តសៀមរាប ហើយការធ្វើដំណើរមកកម្ពុជាលើកនេះ មិនត្រឹមតែមកធ្វើកម្មវិធីសាសនាប៉ុណ្ណោះទេ គឺមានគម្រោងជួយសាងសង់ព្រះវិហារមួយនៅក្នុងស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប នៅលើផ្ទៃដីប្រមាណជា៥០០ហិកតា ដែលក្នុងព្រះវិហារនេះ នឹងមានរៀបទីសក្ការៈសម្រាប់កម្មវិធីព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ។ ក្រៅពីនេះ នៅក្នុងព្រះវិហារនេះអាចឱ្យចាស់ជរាគ្មានទីពឹង និងកុមារកំព្រាស្នាក់នៅ ព្រមទាំងមានអាហារសម្រាប់ទទួលទានផងដែរ ។
លោកបញ្ជាក់ថា តាមរយៈកម្មវិធីសាសនានេះលោកនឹងជួយជំរុញឱ្យភ្ញៀវទេសចរ និងអ្នកវិយោគឥណ្ឌាប្រមាណ១លាននាក់ មកទស្សនាកម្ពុជានាពេលខាងមុខនេះ ព្រមទាំងមានគម្រោងបង្កើតជើងហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជានាពេលឆាប់ៗខាងមុខនេះ ។
គួរឲ្យដឹងដែរថា កម្មវិធីសាសនាដែលធ្វើនៅលើភ្នំគូលេន ក្នុងខេត្ដសៀមរាបនាពេលនោះដែរ គឺមានសមាជិកនៃសមាគមអ្នកប្រតិបត្តិព្រះសេវៈព្រះនាម១០០៨ មកពីបណ្តាប្រទេសចំនួន៨ ដែលបានមកចូលរួម ក្នុងនោះមានប្រទេស ឥណ្ឌា ស្រីលង្កា ម៉ាឡេស៊ី អាម៉េរិក និងមកពីចក្រភពអង់គ្លេសផងដែរ ៕
ដោយ៖ អ៊ុន ណារាជ្យ




































