សៀមរាប: នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបើកវគ្គបណ្តុះបណ្តាល វិជ្ជាសង្រ្គោះបឋម ចំនួន២ថ្ងៃ ចាប់បីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ដល់សិក្ខាកាមចំនួន២០រូប ដែលមកពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបន្ថែមចំណេះដឹងលើផ្នែកសង្គ្រោះបឋមដល់ភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅតាមតំបន់នីមួយៗក្នុងរមណីយដ្ឋានអង្គរ ដើម្បីសង្រ្គោះជីវិត បង្ការរបួសកុំឱ្យធ្ងន់ធ្ងរ ធ្វើឱ្យជនរងគ្រោះមានការទុកចិត្តដើម្បីរក្សាភាពរឹងមាំ ដើម្បីឱ្យជនរងគ្រោះអាចទទួលបានការថែទាំវេជ្ជសាស្រ្តបានយ៉ាងឆាប់រហ័ស និងជួយសម្រួលគ្រូពេទ្យងាយព្យាបាល។
មូលដ្ឋានគ្រឹះនៃវគ្គបណ្តុះបណ្តាលនេះបង្រៀនអំពីតួនាទីអ្នកសង្រ្គោះ គោលការណ៍គ្រឹះនៃការជួយសង្គ្រោះ ស្ថានភាពដំណេក សភាពស្ហុក សន្លប់ លង់ទឹក (CPR) ស្លាក់ របួស រលាក ពស់ចឹក ការហូរឈាម ការបាក់ឆ្អឹង និងការលើកដាក់បញ្ជូន ចុងក្រោយបញ្ចប់វគ្គ មានការប្រលងអនុវត្ត និងវាយតម្លៃនៅវគ្គបញ្ចប់។
លោក ឌួង សុខនី គ្រូបង្ហាត់វិជ្ជាសង្គ្រោះបឋមនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងពីតួនាទីអ្នកសង្រោះបឋមថា ដើម្បីកាត់បន្ថយការឈឺចាប់ កាត់បន្ថយភាពធ្ងន់ធ្ងរ ការពារគ្រោះថ្នាក់ជាលើកទី២ ប្រកាសអាសន្ន ឬរកជំនួយ ការលើកដាក់ និងបញ្ជូនឱ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស។
លោកបន្តថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងប្រើចំណេះដឹងឱ្យចំទិសដៅដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះដោយយថាហេតុណាមួយនៅក្នុងតំបន់ដែលខ្លួនប្រចាំការ ឬករណីជួបប្រទះដោយចៃដន្យ បើទោះបីមិនមែនជាគ្រូពេទ្យតែអាចសង្គ្រោះជីវិតមនុស្សបាន ក្នុងកាលៈទេសៈចាំបាច់ភ្លាមៗ៕







































