គ្រឿងញៀនបានធ្វើអោយកើតមានវិបត្តិក្នុងសង្គមគ្រួសារមួយក្នុងស្រុកស្រែអំបិល ធ្លាក់ចូលអពមង្គល

0

កោះកុង÷ស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះ បច្ចុប្បន្នរស់នៅក្នុងស្រុកស្រែអំបិល បានអោយអ្នកសារព័ត៌មានយើងដឹងថា គាត់មានកូនមួយ ទើបអាយុ៤ឆ្នាំ ចាប់តាំងពីគាត់បានចាប់ដៃជាមួយនិងស្វាម៉ីរបស់គាត់ បាន២ទៅ៣ឆ្នាំដំបូង ស្ថានភាពក្នុងសង្គមគ្រួសារគាត់មានសុភមង្គលល្អខ្លាំងណាស់ ស្របពេលដែលស្វាម៉ីរបស់គាត់ កំពុងមានការងារធ្វើនៅលើកាប៉ាល់ប្រេងមួយ គ្រានោះគាត់លើកដៃទទួលប្រាក់ពីស្វាម៉ីគាត់ក្នុង១ខែមិនទាបពី២ម៉ឺនទៅ៣ម៉ឺនបាតនោះឡើយ។ប៉ុន្តែមួយរយៈកាលចុងក្រោយនេះ ពិតជាប្លែកហើយប្រែប្រួលខ្លាំងណាស់ ដោយនាងបានក្លាយជាស្ត្រីរងគ្រោះទាំងមិនដឹងខ្លួន ។ក្រោមសម្លេងខ្សុកខ្សួល អួលណែន ថ្លែងទាំងទឹកភ្នែក ក្តុកក្តួលក្នុងចិត្តប្រាប់អ្នកសារព័ត៌មាន ត្បិតខ្លួនកំពុងរស់នៅដោយរងសម្ពាធពីមជ្ឈដ្ឋានក្នុងសង្គម នៃដែនសមត្ថកិច្ចក្នុងស្រុកស្រែអំបិលនាពេលកន្លងទៅថ្មីនេះ ដោយពាក់ព័ន្ធនិងការត្រូវរ៉ូវលុយកាក់ជាមួយលោកមេប៉ុស្តិ ខាំ វង្ស ជាអ្នកបើកដៃ អោយមានការចរាចរក្នុងរឿងផ្លូវងងិតនេះ។

ស្ត្រីរងគ្រោះរូបនោះបានប្រាប់អ្នកសារពត៌មានយ៉ាងច្បាស់នូវរឿងរ៉ាវក្នុងសង្គមគ្រួសាររបស់គាត់ ថា បច្ចុប្បន្នខ្លួនគាត់តែម្នាក់ទទួលរ៉ាប់រង លើជីវភាពក្នុងគ្រួសារទាំងស្រុងស្ទើរគ្មានថ្ងៃវិលវិញ ក្រោយពេលដឹងថាប្តីរបស់ខ្លួនជាប់សារធាតុញៀន យ៉ាងពេញបន្ទុក ចាប់តាំងពីកូនបានអាយុមួយខួប ហើយប្តីរបស់នាងផ្តើមជាមុខសញ្ញារបស់សមត្ថកិច្ច។សព្វថ្ងៃនេះប្រាក់ចំណូលពីការលក់ដូរកំប៉ិកកំប៉ុក ត្រឹម ៤០,០០០៛ទៅ៥០,០០០៛ ក្នុង១ថ្ងៃស្ថិតក្នុងការស៊ីចាយ ទូទាត់រួចស្ទើរគ្មានសល់អ្វីមួយរៀលឡើយ ថែមទាំងរវល់រកពេលទំនេរមិនបានទៀតផង។
នាងបានបន្តអោយដឹងទៀតថា ក្រៅពីរវល់លក់ដូររកពេលទំនេរមិនបានហើយ ត្រូវតាមឃ្លាំមើលប្តីរបស់ខ្លួនក្នុង២៤/២៤ម៉ោង ព្រោះខ្លាចប្តីត្រូវសមត្ថកិច្ចចាប់ខ្លួន ប្រសិនបើនៅពេលប្តីរបស់គាត់កំពុងប្រើប្រាស់សារធាតុញៀនឬទៅបន្តសេពគប់ជាមួយបនភឿន ដូចពេលកន្លងមក នោះវានឹងបង្កអោយមានស្ថានភាពកាន់តែធ្ងន់ធ្ងរក្នុងគ្រួសារបន្ថែមទៀត បន្ទាប់ពីបានឮដំណឹងថា បងថ្លៃរបស់ នាងត្រូវសមត្ថកិច្ចចាប់បាននៅភ្នំពេញ។

ក្រៅពីនោះនាងបានបញ្ជាក់ទៀតថា នាងខ្មាស់អ្នកស្រុក អ្នកភូមិខ្លាំងណាស់នៅពេលដែលគេដឹងថា នាង ត្រូវជាកូនប្រសាររបស់សមត្តកិច្ចស្រុកស្រែអំបិល គ្រាដែលប្តីរបស់ខ្លួនកំពុងប្រើប្រាស់សារធាតុញៀនពេញបន្ទុក ហើយឪពុកក្មេកគ្មានចំណាត់ការតាមផ្លូវច្បាប់ទៅលើរូបកូនបង្កើតខ្លួន។ គ្រប់ពេលដែលនាងនិងម្តាយក្មេក ធ្លាប់ស្នើរអោយសមត្ថកិច្ច ចុះអន្តរាគមន៍នាំខ្លួនប្តីរបស់គាត់ទៅមណ្ឌលកែប្រែ ប៉ុន្តែ ផ្ទុយទៅវិញ គ្មានសមត្ថកិច្ចមួយរូបណាហ៊ានចេញមុខចុះធ្វើការនាំខ្លួន២នាក់បងប្អូនបង្កើតប្តីរបស់នាងដែលត្រូវជាកូន និងម្នាក់ទៀតត្រូវជាក្មួយបង្កើតរបស់ឪពុកក្មេកនាង ព្រោះតែខ្លាចអំណាចនិងយល់យោគឪក្មេករបស់នាងដែលជាអធិការរងស្រុកស្រែអំបិល។ បច្ចុប្បន្ន រូបប្តីគាត់ព្យាយាមគេចវេស រាល់ការស្នើរសុំរបស់គាត់ មិនតែប៉ុណ្ណោះថែមទាំងគម្រាមមនុស្សក្នុងគ្រួសារនេះថែមទៀតផង ដោយកម្រាមថាបើនៅតែហ៊ានរាយការណ៍ដល់សមត្ថកិច្ចក្រៅស្រុកនិងអ្នកសារព័ត៌មានទៀត រូបគេសុខចិត្តស្លាប់នៅនឹងកន្លែង មិនប្រគល់ខ្លួន។នាងបានប្រាប់អ្នកសារព័ត៌មានយើងទាំងភ័យតក់ស្លុត ទៀតថា បច្ចប្បន្ននាងមានការភ័យខ្លាចខ្លាំងណាស់ក្រោយពេលមានការគម្រាមម្តងៗ ហើយអ្វីដែលខ្លួននាងភ័យតក់ស្លុតបំផុតនោះគឺ ខ្លាចក្រុមបនភឿនរបស់ប្តីនាងលបលួចធ្វើអ្វីម៉្យាងមកលើរូបនាង និងមនុស្សដទៃទៀតនៅក្នុងគ្រួសារ ។បញ្ហានេះ ត្រូវបាន មនុស្សចំនួន៣នាក់នៅក្នុងគ្រួសារ រួមមានរូបនាង ម្តាយនាង និងម្តាយក្មេកសម្រេចចិត្តត្រូវតែផ្លាស់ កន្លែងដេកពួន នៅពេលយប់ តាមអ្វីដែលអាចធ្វើទៅបាន។

ដោយឡែកម្តាយក្មេករបស់នាងសូមមិនបញ្ចេញឈ្មោះ ដែលត្រូវជាភរិយារបស់លោកអធិការរងស្រុកស្រែអំបិល ឈ្មោះ នឹម សុវណ្ណនី ហៅប៊ូ ក៏បានប្រាប់អ្នកសារព័ត៌ផងដែរថា វាពិតជាច្បាស់ណាស់ទៅហើយ ដែលឪពុកជាអធិការរងស្រុក មានកូន២នាក់ អាបងជក់ផងជួញដូរផង ឈ្មោះ ប៊ូ ងួន ជាប់គុកបាត់នៅព្រៃស ដែលបានបង់លុយប្រចាំខែអោយ លោក ខាំ វង្ស នៅម្នាក់អាមួយប្អូន កំពុងប្រើប្រាស់និងក្មួយម្នាក់ឈ្មោះ សៅ ភាព ជាមេខ្លោងជួញដូរគ្រឿងញៀន ដេកលាក់ខ្លួនពួនក្នុងព្រៃ។

លោកស្រីត្រូវជាភរិយា លោកងធិការរងស្រុករូបនេះ ក៏ជាស្ត្រីរងគ្រោះមួយរូប ព្រោះតែរឿងរ៉ាវអាស្រូវ របស់កូនប្រុសទាំងពីរ មិនព្រមដើរតាមគន្លងធម៌ ដេកគិតព្រយយបារម្ភ រីងរៃក្នុងចិត្ត ខ្លាចកូនម្នាក់ទៀតកំពុងប្រើប្រាស់សារធាតុញៀនពេញបន្ទុក ដល់សព្វថ្ងៃ ត្រូវសមត្ថកិច្ចចាប់ដាក់គុក ដូចបងរបស់វាដែរ។លោកស្រីនៅតែទទូច ស្នើរសុំ អោយសមត្ថកិច្ចស្នងការនគរបាលខេត្តចុះអន្តរាគមន៍ នាំខ្លួនកូនលោកស្រីដែលប្រព្រឹត្តសារធាតុញៀនសព្វថ្ងៃនេះ ទៅមណ្ឌលកែប្រែ ទើបលោកស្រីបានស្ងប់ចិត្ត ស្ងប់អារម្មណ៍ ខណៈបច្ចុប្បន្នរូបលោកស្រីក្លាយដូចជាមនុស្សទាស់រីងរៃទៅហើយ រីឯកូនប្រសារស្រីរបស់គាត់ក៏ដូចក្នាដែរ ព្រោះតែរឿងរ៉ាវដ៏អាស្រូវប្តីរបស់ខ្លួន បានធ្វើអោយក្រុមគ្រួសារមួយនេះបាត់បង់អស់នូវសេចក្តី សុភមង្គល ដែលធ្លាប់មានពីមុនមក៕