អាជ្ញាធរ​ខេត្តកំពង់ចាម​ ចុះ​អន្តរាគមន៍​ បូម​ទឹក​ជួយ​សង្រ្គោះ​ស្រូវ​ប្រាំង​ ជិត​៤០០ហិកតា​ នៅ​ស្រុក​បាធាយ​

0

កំពង់ចាម​: ដោយ​ក្តី​ព្រួយបារម្ភ​ចំពោះ​ការ​ខូចខាត​ផល​ដំណាំ​ស្រូវ​ ​របស់​បងប្អូន​ប្រជាកសិករ​ នាព្រឹក​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​ ខេត្តកំពង់ចាម​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​​ បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​​អន្តរាគមន៍​បូម​ទឹក​ជួយ​សង្រ្គោះ​ស្រូវ​ប្រាំង​ ចំនួន​៣៨៥ហិកតា​ ស្ថិតនៅ​ក្នុង​ភូមិតាំងរលៀង និង​ឃុំមេព្រីង ស្រុកបាធាយ ខេត្ត​កំពង់ចាម​។

លោក​អ៊ុម​ វិបុល​ ប្រធាន​មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​ ខេត្តកំពង់ចាម​ បាន​ឲ្យដឹងថា​ ការ​ចុះ​អន្តរាគមន៍​បូម​ទឹក​ជួយ​សង្រ្គោះផល​ដំណាំ​ស្រូវ​ ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នេះ​ ក្រុម​ការងារ​មន្ទីរ​ធនធាន​ទឹក​​ បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​បាធាយ​ ក៏ដូចជា​អាជ្ញាធរ​​ភូមិ​ ឃុំ​ ​ដោយ​ប្រេីប្រាស់​ម៉ាសុីនកម្លាំង២៥សេស​ ចំនួន៤គ្រឿង​ ដេីម្បី​ទាញយក​ប្រភពទឹកពី​ បឹងជីច្រា​ ហើយ​បញ្ចូល​ទៅ​ក្នុង​ដីស្រែនៅ​តំបន់​ខាងលើ​នោះ​ ​បាន​ចំនួន​៣៨៥ហិកតា​ ស្ថិត​នៅ​ក្នុង​ភូមិ​តាំង​រលៀង​ និង​ឃុំ​មេព្រីង​ ស្រុក​បាធាយ​ ខេត្តកំពង់ចាម​ ។

គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​ថ្មីៗ​នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ បានចេញសារាចរណែនាំ ស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ខណៈដែលកម្ពុជានឹងជួបគ្រោះរាំងស្ងួត អាកាសធាតុក្ដៅខ្លាំង ហើយរដូវវស្សា​នឹងមកដល់មានសភាពយឺតយ៉ាវទៀតផង យោងតាមស្ថានភាពខាងលើនេះ រាជរដ្ឋាភិបាលបានធ្វើការណែនាំ​ ១- ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០១៩ – ២០២០ គឺអាចធ្វើបានតែ ១ដង ប៉ុណ្ណោះ​ ដោយមិនអាចធ្វើស្រែវប្រាំងលើកទី២ បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ​ និងការដាំដំណាំរួមផ្សំផ្សេងទៀត ក្រៅពីស្រវ ។
២- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ ៕