លោក​ អ៊ុន​ ចាន់ដា​ ស្នើ​ឲ្យ​ក្រុមហ៊ុន​ចិន​ ធ្វើ​ការ​សិក្សា​បន្ថែម​ទៀត​ ក្នុង​ការ​វិនិយោគ​ កែច្នៃ​សំរាម​ ទៅ​ជា​ថាមពល​អគ្គិសនី​ ក្នុង​ខេត្តកំពង់ចាម

0

​​កំពង់ចាម​: អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ លោក​​ អ៊ុន​ ចាន់ដា​ បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ ចិន​ ដែល​មាន​បំណង​ដាក់​ទុន​បើក​រោងចក្រកែច្នៃសំរាមបម្លែងទៅជាថាមពលអគ្គិសនី​ ក្នុង​ខេត្តកំពង់ចាម​ ធ្វើ​ការ​សិក្សា​ឲ្យបាន​ស៊ីជម្រៅ​បន្ថែម​ទៀត​ មុន​នឹង​​ឈានទៅសម្រេច​​គោលដៅ​ក្នុង​ការ​​វិនិយោគ​ ប្រកប​ដោយភាព​ជោគជ័យ​​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​ប្រតិភូ​ក្រុមហ៊ុន​ចិន​ “ខនវេនឆ័រ ហូលឌីង គ្រប់” Conch Venchher Holding Group​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ នារសៀល​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​សាលា​ខេត្ត​កំពង់ចាម​។

ក្នុង​ឱកាស​ជួប​សម្ដែង​ការ​គួរសម​នោះ​ គណៈ​ប្រតិភូ​ចិន​ “ខនវេនឆ័រ ហូលឌីង គ្រប់” Conch Venchher Holding Group​ បាន​ឲ្យដឹងថា​ ក្រុមហ៊ុន​របស់​ខ្លួន​ បាន​ធ្វើ​ការ​វិនិយោគ​ កែច្នៃ​សំរាម​បម្លែង​ទៅ​ជា​ថាមពល​អគ្គិសនី​ សម្រេច​បាន​​គោលដៅ​ជោគជ័យ​ នៅ​ប្រទេស​វៀតណាម​ រួច​ហើយ​ ក្នុង​នោះ​ក្រុមហ៊ុន​ក៏​មាន​បំណង​មក​បណ្ដាក់​ទុន​វិនិយោគ​ កែច្នៃ​សំរាម​ផលិត​ថាមពល​អគ្គិសនី​ នៅក្នុង​ខេត្តកំពង់ចាម​ នេះ​ផង​ដែរ​។

ជា​មួយ​គ្ននោះ​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ ​បច្ចុប្បន្ន​ នៅ​ទូទាំង​ខេត្ត​កំពង់ចាម​ ក្នុង​១ថ្ងៃ​មាន​សំរាម​ ប្រមាណ​ជា​២៥០តោន​ បេី​ក្រុមហ៊ុន​មាន​បំណង​មក​ធ្វើការ​វិនិយោគ​នោះ​ ពិតជា​ប្រសើរ​ណាស់​ តែសូមឲ្យ​ក្រុមហ៊ុន​ ធ្វើ​ការ​សិក្សា​ឲ្យបាន​ស៊ីជម្រៅ​បន្ថែម​ទៀត​ មុន​នឹង​​ឈាន​ទៅ​សម្រេច​គោលដៅ​ក្នុង​ការ​​វិនិយោគ​ ប្រកប​ដោយភាព​ជោគជ័យ​​ ព្រោះ​យើង​មិន​ចង់​ឃើញ​ការ​វិនិយោគ​ របស់​ក្រុមហ៊ុន​ណាមួយ​ ហើយ​ត្រូវ​ទទួល​ការ​ខាតបង់​​នោះ​ឡើយ​ ៕