សម្ដេចពិជ័យសេនា នឹងចុះសួរសុខទុក្ខជនរងគ្រោះដោយសារការបាក់រលំអគារសាលាឆាន់នៅខេត្តសៀមរាប

0

សៀមរាប៖ សម្ដេចពិជ័យសេនា នឹងចុះសួរសុខទុក្ខជនរងគ្រោះដោយសារការបាក់រលំអគារវត្តនៅខេត្តសៀមរាបបន្ទាប់ពីទទួលបានដំណឹង ឧបទ្ទេវហេតុ បាក់រលំការដ្ឋានសាងសង់សាលាធម្មសភានៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបនៅវេលាម៉ោង២រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវការដ្ឋានសំណង់ដែលបាក់រលំដោយផ្ទាល់ និងចុះសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរបង្អែកខេត្តសៀមរាបផងដែរ។

ដោយឡែក កាលពីថ្ងៃទី២ វិច្ឆិកា ម្សិលមិញ ក្រោយពីទទួលបានព័ត៌មានដ៏គួរឲ្យតក់ស្លុតនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចូលរួមសម្ដែងការសោកស្ដាយ និងមរណទុក្ខដល់ក្រុមគ្រួសារនៃសពចំនួន ៣នាក់ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ២០លានរៀល និង ជនរងគ្រោះចំនួន ១៣នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៣លានរៀល តាមរយៈប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តដែលដឹកនាំដោយ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប។

បន្ថែមពីនោះ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ក៏បានឧបត្ថម្ភដល់ជនរងគ្រោះ១៣នាក់ ក្នុងមួយនាក់ៗ ទទួលបានថវិកា ១០០ដុល្លារ និងជនរងគ្រោះម្នាក់ ដែលបានបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ ទទួលបានថវិកា ៣០០ដុល្លារ លើសពីនោះគ្រួសារសព ក្នុងមួយគ្រួសារៗ ទទួលបានថវិកា ៣០០ដុល្លារ ផងដែរ។