ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំប្រគល់ផ្ទះខ្នងទី១៣៦អំណោយសម្ដេចតេជោហ៊ុនសែនជូនអតីតយុទ្ធជនពិការ

0

ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាន ដឹកនាំសហការី និងអាជ្ញាធរដែនដី ចុះប្រគល់ខ្នងផ្ទះលើកទី ១៣៦ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនលោកប៊ុន  អុន ដែលជា អតីតយុទ្ធជនពិការ រស់នៅភូមិហប់ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងថា លោកប៊ុន  អុន ជាអតីតយុទ្ធជនពិការ មានអាយុ ៦៧ ឆ្នំា ធ្លាប់បានចូលរួមបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៤ អតីត អង្គភាពយោធាស្រុកស្ទោង ខេត្តកំពង់ធំ មានឋានន្តរសក្ដិជាពលបាលឯក បានត្រូវរបួសពិការ ជើងខាង ឆ្វេង ដោយសារជាន់មីន នៅសមរភូមិព្រៃចែក ព្រំដែនកម្ពុជា ថៃ នៅឆ្នាំ១៩៨៤ បច្ចុប្បន្នជាបុរសពោះម៉ាយ  មានកូនចំនួន៣ នាក់ ចំណែកកូនៗ មានគ្រួសារអស់ហើយ   ។

ចំណែកផ្ទះថ្មី ដែលជាខ្នងផ្ទះលើកទី១៣៦ សម្រាប់ការផ្តល់ជូនអតីតយុទ្ធជនខេត្តកំពង់ធំ តាមរយះឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បន្ទាប់ពីបានសាងសង់រួច ដែលមានមានទំហំ៤ម៉ែត្រx ៦ម៉ែត្រ សាងសង់ពីបេតុង ឆ្អឹងដែកជញ្ជាំង និងដំបូលសង្ក័សីកិនភ្លីក្រាលក្តារ ដែលជាការសាងសង់ដោយ សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងសមាគមអតីតយុទ្ធជនស្រុកស្ទោង ។

នៅក្នុងពិធីប្រគល់ផ្ទះនេះ  ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន  ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនបន្ថែម មាន  អង្ករចំនួន៥០  គីឡូក្រាម មីយើងចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវ ចំនូន២យួរ និងថវិកាចំនួន ២៥០,០០០  រៀល   ។

ក្នុងឳកាសនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើរដល់គ្រួសារអតីតយុទ្ធជនទាំងអស់ ខិតខំថែទាំសុខភាព និងថែរក្សាទ្រព្យសម្បត្តិដែលសមាគមផ្តល់ជូន ឲ្យមានការប្រុងប្រយ័ត្ន នៅក្នុងរដូវ ក្តៅនេះ មុនចាកចេញពីផ្ទះពន្លត់ភ្លើងជើងក្រាន ធូបទាន ដើម្បីចៀសវាងកើតអគ្គីភ័យកើតឡើង និងសូមពាំនាំនូវការនឹករលឹករួមទាំងការដឹងអគុណ ដល់អតីតយុទ្ធជនទាំងអស់ ដែលកន្លងមកបានខិតខំថែរក្សាជាតិ ការពារសុខសន្តិភាព ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បើគ្មាន អតីតយុទ្ធជន ក៏គ្មានថ្ងៃនេះផងដែរ។

ដោយ ប៊ុន  រដ្ឋា