មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន៩០នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ

0

សៀមរាប៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកលោកស្រីប្រតិភូក្រសួងមហាផ្ទៃ លោកស្នងការស្នងការរងនគរបាលខេត្តនិងមន្ត្រីនគរបាលខេត្តសៀមរាបជាច្រើនរូបផងដែរ ។
លោកនាក់ ណេរ៉ុន បានថ្លែងនូវការកោតសរសើរ ខ្ពស់ដល់កងកម្លាំង នគរបាលខេត្តសៀមរាប ទាំងអស់ ដែលកន្លងមក បានខិតខំប្រឹងប្រែង អនុវត្តន៍ការងារបានយ៉ាងសកម្ម និង ល្អប្រសើរ ជាពិសេស ការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ រួមទាំងភ្ញៀវជាតិ អន្តរជាតិ ដែលបានចេញចូល ស្នាក់នៅបានល្អ នៅក្នុងខេត្តសៀមរាប ។
លោកអភិបាលរងបន្តថា ក្នុងនោះដែរ ដើម្បីសម្រេចកិច្ចការទាំងនោះបាន គឺមិនមែនជាការងាយស្រួលនោះទេ ប្រសិនបើ មិនមានផែនការច្បាស់លាស់ និងការអនុវត្តដោយមធ្យតទេនោះ ជាពិសេស អ្វីដែលពុំអាចខ្វះបានគឺ ធនធានមនុស្សទាំងស៊ីវិល និងប្រដាប់អាវុធប្រកបដោយសមត្ថភាព ជំនាញនិងមនសិកាវិជ្ជាជីវៈ។ ដូចជាពិធីថ្ងៃនេះ គឺជាសក្ខីភាពដែលបង្ហាញពី ពង្រឹងការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅគ្រប់មូលដ្ឋាន ពិសេសពង្រឹងកិច្ចការពាធានាសន្តិសុខ សុវត្ថិភាព ភ្ញៀវទេសចរ ដែលមកទស្សនកិច្ចក្នុងខេត្តសៀមរាបយើង
ឱ្យបានល្អប្រសើរ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានបញ្ជាក់ថា ថ្នាក់ដឹកនាំនៅតាមបណ្ដាអធិការដ្ឋាន និង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល គឺមានតួនាទីសំខាន់ណាស់ក្នុងការការពាររាល់បញ្ហា ក៏ដូចជាភារកិច្ចតូចធំ ក្នុងនោះសម្រាប់ខេត្តសៀមរាបគឺជាខេត្តដែលសំបូរទៅដោយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកច្រើនជាពិសេសខេត្តសៀមរាបក៏ជាខេត្តដែលមាននូវកម្មវិធីប្រជុំធំៗ បន្ទាប់ពីរាជធានីភ្នំពេញ ដូចនេះមន្ត្រីនគរបាលទាំងអស់ដែលត្រូវបានប្រគល់តួនាទីភារកិច្ចនាពេលនេះ ត្រូវខំប្រឹងប្រែងអនុវត្តន៍ការងារ

និងអនុវត្តន៍ច្បាប់ឲ្យមានប្រសិទ្ធភាព និងតម្លាភាព ហើយត្រូវស្មោះត្រង់ចំពោះជាតិ ចំពោះព្រះមហាក្សត្រ និងប្រជាពលរដ្ឋ អនុវត្តន៍នូវវិន័យសេចក្តីថ្លៃថ្នូរ ក្នុងនាម ជាមន្ត្រីនគរបាលជាតិ មិនត្រូវយកអំណាចទៅប្រើប្រាស់ នូវអំពើខុសច្បាប់ គៀបសង្កាត់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍របស់ខ្លួននោះឡើយ ។ ជាពិសេសត្រូវបន្តធ្វើការផ្សព្វផ្សាយ បើកវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យបានញឹកញ៉ាប់ និងផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំង០៩ចំណុច ឲ្យបានទូលំទូលាយ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានធ្វើការផ្ដាំផ្ញើរ ដល់មន្ត្រីនគរបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ បន្ថែមទៀតលើការងារជំនាញរបស់ខ្លួន ត្រូវយកតួនាទី ភារកិច្ចរបស់ខ្លួន ទៅបំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងមានសាមគ្គីភាពល្អក្នុងអង្គភាព ជាពិសេសត្រូវសហការឲ្យបានល្អ ជាមួយអង្គភាពពាក់ព័ន្ធ នឹងត្រូវបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងបន្តត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋទូទាំងខេត្ត និងសង្គមជាតិឲ្យបានកាន់តែល្អប្រសើរទ្វេរឡើងថែមទៀត ។
សូមបញ្ជាក់ផងដែរថា មន្ត្រីនគរបាលដែលត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ក្នុងឱកាសនេះ រួមមានតំណែងជាស្នងការរង ថ្នាក់នាយការិយាល័យ ថ្នាក់វរៈសេនីយ៍ឯក ថ្នាក់វរៈសេនីយ៍ទោល ថ្នាក់អនុសេនីយ៍ទោល និងអធិការស្រុកផងដែរ ៕

ដោយ៖ ខេង ឧត្តម