សៀមរាប៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសណ្ឋាគារ អង្គរមីរ៉ាខល ខេត្តសៀមរាប ។ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៦ឆ្នាំ២០១៩ របស់គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិនៅកម្ពុជាបានរៀបចំបង្កើតតាំងពីឆ្នាំ១៩៩៤ តាមរយៈគម្រោងសាកល្បងដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការដៃគូជាតិ
អន្តរជាតិ និងមានការចូលរួមពីសហគមន៍មូលដ្ឋានដែលរស់នៅពឹងអាស្រ័យលើធនធានព្រៃឈើ។ សហគមន៍ព្រៃឈើមានសក្តានុពលក្នុងការអភិរក្សធនធានព្រៃឈើធ្វើឲ្យប្រសើរឡើងនូវផលិតភាពរបស់ព្រៃនិងដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានព្រមទាំងរក្សាបាននូវលំនឹងប្រព័ន្ធអេកូឡូស៊ីនិងចូលរួមកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំនេះ ដោយមានវត្តមានឯកឧត្តម អុំ សំអាត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ និងនេសាទ លោកស្រី ហ៊ូ កល្យាណ នាយកអង្គការ (Recoftc) ប្រចាំកម្ពុជា និងមានអ្នកចូលរួមមកពីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ខណ្ឌរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូរអភិវឌ្ឍន៍ បណ្តាញសហគមន៍ព្រៃឈើ និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើសរុបចំនួនប្រមាណ១៥០នាក់ ដែលបានអញ្ជើញចូលរួមផងដែរ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនោះ ឯកឧត្តម អុំ សំអាត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ និងនេសាទ បានមានប្រសាសន៏ថា៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំបង្កើតនូវក្របខណ្ឌគោលនយោបាយនិងច្បាប់សម្រាប់គាំទ្រដល់ការគ្រប់គ្រងនិងអភិវឌ្ឍន៍សហគមន៍ព្រៃឈើក្នុងនោះរួមមានគោលនយោបាយវិស័យព្រៃឈើជាតិឆ្នាំ២០០២ ច្បាប់ស្តីពីព្រៃឈើត្រូវបានរដ្ឋសភាអនុម័តនិងបានប្រកាសឲ្យប្រើតាំងពីឆ្នាំ២០០២អនុក្រឹត្យស្តីពីការគ្រប់គ្រងសហគមន៍ព្រៃឈើឆ្នាំ២០០៣ និងប្រកាសស្តីពីគោលការណ៍ណែនាំអំពីសហគមន៍ព្រៃឈើឆ្នាំ២០០៦ និងកម្មវិធីព្រៃឈើជាតិអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានៅចុងឆ្នាំ២០១០ផងដែរ។ ឯកឧត្តមបន្តថា៖ យើងបានអនុវត្តតាមគោលនយោបាយនិងលិខិតបទដ្ឋានច្បាប់ព្រមទាំងមានការចូលរួមគាំទ្រភាគីពាក់ព័ន្ធគិតត្រឹមខែវិច្ឆិកាឆ្នាំ២០១៩នៅប្រទេសកម្ពុជាបានបង្កើតសហគមន៍ព្រៃឈើសរុបចំនួន ៦៣៦កន្លែង គ្របដណ្តប់លើផ្ទៃដីព្រៃទំហំ ៥១៦ ៨១៧ហិកតា ស្ថិតនៅក្នុង ២១ខេត្ត ៩៩ស្រុក ៣១ ២ឃុំ ៩៥៤ភូមិ និងមានការចូលរួមពីសហគមន៍នៅមូលដ្ឋានចំនួន ១៦៩ ២៤៨គ្រួសារ ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញប្រកាសស្តីពីការបង្កើតនិងការគ្រប់គ្រងតំបន់ព្រៃសហគមន៍សរុបចំនួន៤៩៤សហគមន៍ គ្របដណ្តប់លើផ្ទៃដីព្រៃទំហំ ៤៤៣ ៣២៩ ហិកតា រដ្ឋបាលព្រៃឈើបានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍រវាងខណ្ឌរដ្ឋបាលព្រៃឈើសាមីនិងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើសរុបចំនួន៤៤៩សហគមន៍ គ្របដណ្តប់លើផ្ទៃដីព្រៃទំហំ៦៨២៨៣ហិកតានិងរដ្ឋបាលព្រៃឈើបានឯកភាពលើផែនការគ្រប់គ្រងព្រៃសហគមន៍សរុបចំនួន៩៤សហគមន៍គ្របដណ្តប់លើផ្ទៃដីព្រៃទំហំ៦៣ ៦៣៩ហិកតា។
គួរំលឹកថា៖ កម្មវិធីព្រៃឈើជាតិឆ្នាំ២០១០មានចំនួន៦កម្មវិធីហើយកម្មវិធីសហគមន៍ព្រៃឈើ គឺជាកម្មវិធីទី៤ដែលបានកំណត់នូវសកម្មភាពចំបងចំនួន៣ គឺការបង្កើតសហគមន៍ព្រៃឈើការពង្រឹងស្ថាប័ននិងការផ្តល់សេវាកម្មក្នុងនោះការពង្រឹងគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ជាតិ (គសកស.ជ) គឺជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលព្រៃឈើនិងអ្នកពាក់ព័ន្ធ។ គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ជាតិត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងដើម្បីចែករំលែកនូវព័ត៌មាន គាំទ្រដល់ភាគីពាក់ព័ន្ធរៀបចំនូវគោលនយោបាយនិងផែនការយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍សហគមន៍ព្រៃឈើនៅកម្ពុជាស្វែងឲ្យមានប្រសិទ្ធភាព។ គសកស.ជ ក៏បានសម្របសម្រួលបង្កើតនូវគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត(គេសកស.ខ)ផងដែរ។ ដើម្បីបង្កើនកិច្ចសហការជាមួយអង្គការជាដៃគូនៅថ្នាក់ក្រោមជាតិ ជាពិសេសផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងអភិបាលកិច្ច ដោះស្រាយនូវបញ្ហាដែលកើតមាននៅក្នុងសហគមន៍ព្រៃឈើ៕ ដោយ ខេង ឧត្តម





































