របួសធ្ងន់​២​នាក់​ស្រាល​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​ត្រឡប់​ទៅផ្ទះ​ត្រូវ​រថយន្ត​បុក​ពីក្រោយ​

​ភ្នំពេញ ៖ បុរស​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​កន្លែង​ញ៉ាំ​អី​ត្រឡប់​ទៅ​ផ្ទះ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ចំ​ពីក្រោយ​ប៉ើង​រងរបួស​ធ្ងន់​២​នាក់​ស្រាល​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥៥​នាទី​យប់​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​អាគារ​

ពាណិជ្ជកម្ម​អែ​ត​វ៉ូត តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុង​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1R-7105 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​ចំណុច​កើត​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​បើក​យ៉ាង​លឿន​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​ក្រោយ​ក៏​បុក​ម៉ូតូ​ចំ​ពេញទំហឹង​ប៉ើង​ជាង​១០​ម៉ែត្រ​បណ្ដា​អោយ​បុរស​២​នាក់​រងរបួស​ធ្ងន់ និង​ម្នាក់​ទៀត​រងរបួស​ស្រាល​សន្លប់​ស្ដូកស្ដឹង​។ បន្ទាប់​ពី​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់ ហើយ​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន​ក៏​បាន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។​

​បើតាម​សម្ដី​បុរស​ឈ្មោះ ខេមរ៉ា អាយុ​ប្រហែល​៣០​ឆ្នាំ​ដែល​រង​របួសស្រាល​ក្រោយពេល​ងើប​ពី​សន្លប់​បានអោយដឹងថា គ្នា​របស់​គាត់​២​នាក់​ដែល​រងរបួស​ធ្ងន់ ម្នាក់​ឈ្មោះ ហង្ស សាវិន អាយុ​២៨​ឆ្នាំ​មុខរបរ​ជា​អ្នកបើកបរ​រថយន្ត និង​ម្នាក់​ទៀត​ឈ្មោះ សុខ សីហា អាយុ​២៥​ឆ្នាំ​មុខរបរ​ជាង​ជួសជុល​គ្រឿង​ម៉ាស៊ីន ពួកគាត់​ទាំង​៣​នាក់​មាន​ទីលំនៅ​សង្កាត់​ក្រាំង​ធ្នុង ខណ្ឌ​សែន​សុខ មុនពេល​កើតហេតុ​ពួកគាត់​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ញ៉ាំ​អី​នៅ​ម្ដុំ​សន្ធរម៉ុក លុះ​ពេល​ញ៉ាំ​រួច​ក៏​ជិះ​ម៉ូតូ​បំណង​ត្រឡប់ទៅផ្ទះ​វិញ ស្រាប់​មកដល់​ចំណុចកើតហេតុ​ក៏​ជួប​គ្រោះថ្នាក់​តែម្ដង​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​អន្តរាគមន៍​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក ហើយ​កំពុង​ស្វែងរក​រថយន្ត​បង្ក​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕

1

2