ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបញ្ជាកម្លាំងអធិការ ឃាត់ខ្លួនជនសង្ស័យករណីលួចនិងឆក់២នាក់

0

ខេត្តតាកែវ៖ នៅថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១២ និង៤០នាទី មានករណីលួចមានស្ថានទម្ងន់ មួយកើតឡើងនៅចំណុចភូមិត្រពាំងពួន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បង្កឡើងដោយសង្ស័យចំនួន០៣នាក់ បានធ្វើសកម្មភាពលួចកាច់សោ-កម៉ូតូ០១គ្រឿងម៉ាកហុងដាC125 សេរីឆ្នាំ២០១៥ របស់ឈ្មោះ ឆឹង ខន ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ខណៈពេលកំពុងធ្វើសកម្មភាព ម្ចាស់ម៉ូតូមកទាន់ ជនសង្ស័យបានប្រតាយប្រតប់ និងឆក់ខ្សែករបស់ជនរងគ្រោះអស់ចំនួន០១ខ្សែទៀត(ខ្សែកមាសទម្ងន់០៦ជី) រួមជាមួយម៉ូតូជនរងគ្រោះ រួចជិះម៉ូតូរត់គេចខ្លួនបាត់។ ក្រោយពីទទួលបានព័ត៌មានភ្លាម លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលតាមផ្លូវជាតិ និងផ្លូវលំពាក់ព័ន្ធ ដេញតាមភ្លាមៗ និងស្រាវជ្រាវកំណត់មុខសញ្ញា ធ្វើការល្បាតពួនស្ទាក់គ្រប់ច្រកល្ហក រហូតឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី។ ជនសង្ស័យទាំង០៣នាក់មានទី១/.ឈ្មោះ វ៉េន ដូរី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើករថយន្ដ រស់នៅភូមិទួលចារ ឃុំសំរោង ស្រុសំរោង ខេត្តតាកែវ(ឃាត់ខ្លួន) ២/.ឈ្មោះ ផៃ ឆឹក ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ(ឃាត់ខ្លួន) និង៣/.ឈ្មោះ វៀច ស្រ៊ុន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្រាំងប្រទាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ(កំពុងរត់គេចខ្លួន) ព្រមទាំងដកហូតវត្ថុតាងម៉ូតូ០១គ្រឿង(ម៉ូតូជនសង្ស័យ) ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកឈ្មោះ វៀច ស្រ៊ុន និងសម្ភារៈរបស់ជនរងគ្រោះ ដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។