សៀមរាប នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ក្រុមអ្នកជំនាញការចំពោះកិច្ចគណៈកម្មធិការអាយស៊ីស៊ី-អង្គរ ឬហៅថា អាដហុក បានចុះទៅពិនិត្យនៅការដ្ឋានស្ថាបនាផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ។ ក្នុងការចុះពិនិត្យនោះ ក្រុមអ្នកជំនាញការបានសាទរចំពោះគំនិតផ្តួច
ផ្តើមរបស់អាជ្ញាធរជាតិអប្សរាក្នុងការរៀបចំផ្លូវកង់នេះ និងថែមទាំងបានគិតគូរខ្ពស់ចំពោះសុវត្តិភាពក្នុងការធ្វើដំណើរទៅមកប្រកបដោយសុវត្តិភាពចំពោះប្រជាជន សិស្សានុសិស្ស ភ្ញៀវទេចរ ក៏ដូចជាយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបរិស្ថាន។
ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលបានអមដំណើរក្នុងការចុះពិនិត្យការកសាងផ្លូវកង់នៅពេលនោះដែរ បានឱ្យដឹងថា ក្រុមអ្នកជំនាញការអាដហុករបស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ បានកោតសរសើរជាខ្លាំងទៅការបង្កើតថ្មីរបស់យើង និងបានសាទរចំពោះបច្ចេកទេសធ្វើផ្លូវកង់នេះ ព្រោះអាជ្ញាធរជាតិអប្សរាបានគិតគូរច្បាស់ពីការលើតម្លៃបរិស្ថាន តម្លៃវប្បធម៌ ក៏ដូចជាតម្លៃបេតិកភណ្ឌបែបជនបទ ពិសេសផ្លូវកង់នេះកសាងជាប្រភេទផ្លូវស្រាលមិនប៉ះពាល់ដល់ស្រទាប់ដី និងមានភាពបត់បែនទៅតាមដើមឈើតូចធំជាច្រើន។
តាមការបញ្ជាក់ពីឯកឧត្តមអគ្គនាយករង ផ្លូវកង់នេះមានទទឹង២ម៉ែត្រ បណ្ដោយ២៣គីឡូម៉ែត្រ ចេញពីកន្លែងឆែកសំបុត្រចាស់ កាត់ក្រោយអង្គរវត្ត បន្តទៅប្រាសាទក្រវ៉ាន់ កាត់ខាងត្បូងប្រាសាទបន្ទាយក្ដី បត់ទៅខាងជើងប្រាសាទតាព្រហ្ម ឆ្ពោះទៅស្ពានប្រាសាទតាកែវ។ ចំណែកតំបន់ផ្លូវវង់ធំ គឺចេញដំណើរពីស្រះស្រង់ រហូតដល់ខ្លោងទ្វារដីឆ្នាំង។ បច្ចុប្បន្នផ្លូងកង់ដែលកំពុងស្ថិតគម្រោងសាកល្បងនៅឡើយ បានស្ថាបនារួចរាល់ប្រវែង៣០០ម៉ែត្រ ហើយនឹងបន្តធ្វើទៀតក្រោយពីកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរនាពាក់កណ្ដាលខែ ធ្នូនេះតទៅ។
អាជ្ញាធរជាតិអប្សរាស្ថាបនាផ្លូវនេះឡើងក្នុងបំណងដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាសម្រួលការចរាចរណ៍ដល់ទេសចរណ៍ជិះកង់ រួមនិងកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវធំផងដែរ។ ផ្លូវនេះ កសាងក្នុងទិសដៅស្របនឹងផ្លូវកៅស៊ូដែលមានស្រាប់ និងឃ្លាតពីផ្លូវកៅស៊ូមានប្រមាណ២៥ម៉ែត្រដោយអាស្រ័យទៅតាមទីតាំងនិងស្ថានភាពដី៕




































