កំពង់ធំៈ ឯកឧត្ដម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ច ប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ចជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហាន ដើម្បីអនុវត្តន៍បន្តដែលបានចូលរួមចំនួន១៣២នាក់ នៅព្រឹកថ្ងៃទី09 ខែធ្នូ ឆ្នាំ2019 ។
ក្នុងកិច្ចប្រជុំ បានផ្តោតលើខ្លឹមសារ ដែលមានសារៈសំខាន់ៗ ដែលថ្នាក់ដឹកនាំ តាមបណ្តាអង្គភាព គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ដឹកនាំក្នុងអង្គភាព.ស្ថាប័នរបស់ខ្លួន រួមទាំងការ អនុវត្តបទបញ្ជា ប្រកបដោយភារកិច្ចបានជោគជ័យ ដោយភាពទទួលខុសត្រូវខ្ពស់ អនុវត្តការងារកន្លងមក និងមានវិន័យ សីលធម៌ ពុះពារខិតខំហ្វឹកហ្វឺនរៀនសូត្របង្កើនសមត្ថភាពការងារ ប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការអនុវត្តការងារ ប្រកបដោយមោទនភាពខ្ពស់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតឡើងពីការបោះឆ្នោត។ 
ឯកឧត្ដម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ និងវាយតំលៃខ្ពស់ ដែលខេត្តកំពង់ធំ ពិតជាមានមោនភាពជាខ្លាំង ដោយយោធិនគ្រប់រូប មិនត្រឹមតែមានសកម្មភាពល្អ ប្រសើរក្នុងការបំពេញភារកិច្ច ក្នុងក្របខ័ណ្ឌជាកងយោធពលខេមរភូមិន្ទ និងបានចូលរួមក្នុងការងារចាំបាច់ នានារបស់សង្គម នៅមូលដ្ឋានដោយបានសហការល្អជាមួយសមត្ថកិច្ច និងអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមក្នុងការអនុវត្តន៍នូវគោលនយោបាយភូមិ. ឃុំ មានសុវត្តិភាព និងការងារជួយដោះស្រាយជូនបងប្អូនអតីតយុទ្ធជន និង ប្រជាពលរដ្ឋទីទ័លក្រដែលមានជីវភាពលំបាកខ្វះខាត ។
ឯកឧត្ដម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំឭកបន្ថែមសម្រាប់ការបន្ត ឈានទៅសម្រេចភារកិច្ចថ្មីៗបន្ថែមទៀត និងស្នើឱ្យយកចិត្តទុកដាក់ជាសំខាន់ចំពោះមុខ គឺយោធិនត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពជាចំម្បង ដែលចំពោះមុខនេះអាកាសធាតុកំពុងចុះត្រជាក់ខ្លាំង. ការពិសារគ្រឿងស្រវ៉ឹង ការបើកបរយានយន្តគ្រប់ប្រភេទត្រូវប្រកាន់ខ្ជាប់ នូវច្បាប់ចរាចរណ៍ ការចូលរួមប្រយុទ្ធប្រឆាំងការផលិត ការប្រើប្រាស់.ជួញដូរគ្រឿងញៀនខុសច្បាប់ ។
ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណ ដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់អាវរងា ជារៀងរាល់ឆ្នាំ ដែលបានធ្វើឲ្យ យោធិនរបស់ និងក្រុមគ្រួសារមានភាពកក់ក្តៅ ទាំងផ្លូវកាយ និងផ្លូវចិត្ត ។
ដោយ ប៊ុន រដ្ឋា




































