ភ្នំពេញ ៖ រថយន្តដឹកដីមួយគ្រឿងបើកទាក់ខ្សែកាបដាច់រប៉ាត់រប៉ាយនិងធ្វើអោយបង្គោលភ្លើង១ដើមបាក់សង្កាត់របងភូមិគ្រឹះប្រជាពលរដ្ឋនៅក្បែររងការខូចខាត ហើយរថយន្តបង្កបានព្យាយាមបើករត់បានប្រហែល២គីឡូម៉ែត្រក៏ត្រូវសមត្ថកិច្ច ឃាត់បានទាំង
រថយន្តនិងអ្នកបើកបរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៤ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ SVM តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្តបែនដឹកដីមួយគ្រឿងម៉ាកហ៊ីណូ ពាក់ស្លាកលេខ កណ្ដាល 3A-0666 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ យ៉ាងលឿន ទិសដៅពីជើងទៅត្បូង ដោយរថយន្តមិនបានទំលាក់ទ្រុងដឹកដីចុះទេ ក៏បណ្ដាលឱ្យទាក់ខ្សែកាបដែលអូសកាត់ទទឹងផ្លូវកំពស់ប្រមាណ១០ម៉ែត្រដាច់រប៉ាត់រប៉ាយពេញផ្លូវនិងទាញធ្វើអោយបង្គោលភ្លើងមួយដើមដែលនៅក្បែរចិញ្ចើមផ្លូវបាក់សង្កត់របងភូមិគ្រឹះប្រជាពលរដ្ឋដែលរស់នៅក្បែរនោះរងការខូចខាត។ បន្ទាប់ពីបង្កហេតុ រថយន្តបង្កបានព្យាយាមបើករត់រហូតដល់ចំណុចរង្វង់មូលព្រែកហូរ ស្ថិតនៅព្រំប្រទល់សង្កាត់ព្រែកកំពិសនិងសង្កាត់រលួស ក៏ត្រូវសមត្ថកិច្ចឃាត់បានទាំងរថយន្តនិងអ្នកបើកបរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកត្រួតពិនិត្យនិងនាំអ្នកបើកបររថយន្តនិងរថយន្តយកមករក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕