អភិបាលខេត្តកំពង់ចាម​៖​ យើងត្រូវរួមគ្នា កសាង​ និងពង្រឹងសមត្ថភាព​ ស្ថាប័នគ្រប់លំដាប់ថ្នាក់ សម្រាប់ត្រៀមទប់ទល់​ ជាមួយផលប៉ះពាល់ជាអវិជ្ជមាន​

0

​កំពង់ចាម​: លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ ដើម្បីឆ្លើយតប ការត្រៀមទប់ស្កាត់ទៅនឹងគ្រោះមហន្តរាយ​ ដែលកើតមានឡើងជាយថាហេតុ​ យើងត្រូវរួមគ្នា កសាង​ និងពង្រឹងសមត្ថភាព​ ស្ថាប័នគ្រប់លំដាប់ថ្នាក់ រៀបចំយន្តការ​ ដែលអាចជឿទុកចិត្តបាន​ សម្រាប់ត្រៀមទប់ទល់ជាមួយផលប៉ះពាល់ជាអវិជ្ជមាន​ ដែលកើតឡេីង​ មានចំពោះ​គ្រោះភ័យនៃគ្រោះមហន្តរាយទាំងនោះ​ ដើម្បីស្វែងរកមធ្យោបាយ កាន់តែមានប្រសិទ្ធភាព​ សម្រាប់ជួយដល់សង្គ្រោះជនរងគ្រោះផងដែរ។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ប្រារព្ធ​ទិវាអន្តរជាតិ អ្នកស្ម័គ្រចិត្ត​ ៥​ ធ្នូ​ ឆ្នាំ​២០១៩​ ក្រោមប្រធានបទ “ ស្ម័គ្រចិត្តដើម្បីអនាកតប្រកបដោយបរិយាប័ន្ន”​ ដែលបាន​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​​ ។

ថ្លែង​ក្នុង​ពិធី​នោះដែរ​ លោក​​អភិបាលខេត្ត​ និងជា​ប្រធាន​សាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​ បាន​ស្នើ​ដល់​លោក លោកស្រី ជាអ្នកស្ម័គ្រចិត្ត ទោះជាមានវ័យចាស់ឫផុតនាទីជាអ្នកស្ម័គ្រចិត្តក្តី​ ដែលជាអ្នកជំនាន់មុន​ ត្រូវបន្តជួយដឹកនាំបង្ហាត់បង្រៀន អ្នកស្ម័គ្រចិត្ត​ ដេីម្បី​បានអនុវត្តជាអ្នកស្នងបន្តទៀត​ ឲ្យ​ប្រែក្លាយជាមនុស្សមានសក្តានុពល នៅក្នុងសហគមន៍​។ ដោយឡែក​ក្នុងបរិបទនៃការបម្រែបម្រួលអាកាសធាតុ​ ត្រូវទាមទារនូវការខិតខំប្រឹងប្រែងបន្ថែម​ របស់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ចូលរួមកាត់បន្ថយហានិភ័យ និងបន្តនិរន្តភាពសម្រាប់ការអភិវឌ្ឍន៍ របស់សហគមន៍ផងដែរ​ ។
ជា​មួយ​គ្នា​នោះ​ លោកស្រី​ បាំង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថា​ ការចូលរួមរបស់អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហមកន្លងមក គឺជាការលះបង់ ដែលពុំអាចកាត់ថ្លៃបាន ក្នុងការដើរតួនាទីជាអ្នកអនុវត្តការងារមនុស្សធម៌ និង អភិវឌ្ឍន៍សហគមន៍ផង_អ្នកអន្តរាគមន៍ផង_អ្នកទទួល-ផ្តល់ព័ត៌មានផង​ អ្នកជួយសង្គ្រោះផង​ អ្នកផ្សព្វផ្សាយផង​ អ្នកអប់រំផង ដោយពុំប្រកាន់ពេលវេលាយប់ឬថ្ងៃ ពុំប្រកាន់ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ​ ព្រមទាំងពុំដែលបានទាមទារផលកម្រៃណាមួយឡើយ ។ និយាយរួម អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងកាកបាទក្រហម និងប្រជាជន ពិសេស ប្រជាជនដែលរងគ្រោះដោយភយន្តរាយផ្សេងៗ និងប្រជាជនងាយរងគ្រោះ នៅតាមមូលដ្ឋាន ឬអាចនិយាយបានម្យ៉ាងទៀតថា បើគ្មានអ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហមទេនោះសាខាកាកបាទក្រហម ពុំអាច​អនុវត្តន៍​សកម្មភាព​របស់ខ្លួនបានល្អប្រសើរឡើយ ៕