ស្វាយរៀង៖បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅក្នុងទឹកត្រពាំងមួយកន្លែងដោយខ្លួនប្រាណសាកសពមានស្នាមបែកលលាដ៍ក្បាលនិងបាក់ថ្គាមទាំងសងខាង
ដោយសារត្រាក់ទ័របើកកិនហើយនៅក្នុងហេតុការណ៍នេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមម្នាក់មកសួរនាំរួមនិងត្រាក់ទ័រមួយគ្រឿង។
ករណីប្រទះឃើញសាកសពបុរសខាងលើនេះនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ដោយបានទទួលព័ត៌មានតាមរយះទូរស័ព្ទពីប្រជាពលរដ្ឋឈ្មោះ កុយ សារ៉េន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ ជាស្មៀនឃំុពពែត បានរាយការណ៍មកសមត្ថកិច្ចថានៅចំណុចត្រពាំងតាពៅ ស្ថិតក្នុងភូមិស្វាយគយ ឃំុពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង មានមនុស្សស្លាប់នៅក្នុងទឹកត្រពាំងក្បែរកន្លែងត្រាក់ទ័រភ្ជួរដីស្រែ។
សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចយើងបានដឹកនាំកម្លាំងជំនាញសហការជាមួយសមត្ថកិច្ចនគរបាលស្រុកស្វាយទាបនិងក្រុមគ្រូពេទ្យ ដោយមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបាន ចុះពិនិត្យដល់កន្លែងកើតហេតុពិនិត្យឃេីញថា សាកសពដែលស្លាប់គឺមានឈ្មេាះ ផៃ ផាត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វេីស្រែ មានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញខេត្ត និងគ្រូពេទ្យកោសល្យវិច័យឃើញថា នៅលើខ្លួនប្រាណសាកសពមានស្នាមបែកលលាដ៍ក្បាលនិងបាក់ថ្គាមទាំងសងខាង។
ហើយ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញខេត្តនិងគ្រូពេទ្យកោសល្យវិច័យ បញ្ជាក់ថា សាកសពអាចស្លាប់ដោយសារអ្នកបើកត្រាក់ទ័រភ្ជួរដីកិនខណៈពេលដែលជនរងគ្រោះកំពុងធ្វើម្លុងនៅមាត់ត្រពាំង។
បច្ចុប្បន្ន សមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវរកឈ្មោះ ង្វៀង ជីតាំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិតាំងចូវ ឃុំតាំងងរ ស្រុកតាំងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម ដែលជាអ្នកបើកត្រាក់ទ័រភ្ជួរដីនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នោះដើម្បីសាកសួរ តែឈ្មោះង្វៀង ជីតាំ បានរត់គេចខ្លួនបាត់។រហូតដល់ម៉ោង៥និង០០នាទីថ្ងៃទី៩ខែធ្នូនេះទើបសមត្ថកិច្ចយើងស្រាវជ្រាវរកឃើញឈ្មោះង្វៀង ជីតាំ ហើយបាននាំខ្លួនយកមកសាកសួរ។នៅចំពោះមុខសមត្ថកិច្ចឈ្មោះង្វៀង ជីតាំ បានឆ្លើយសារភាពថានៅពេលខ្លួនថយត្រាក់ទ័រចូលទៅក្នុងបឹងដើម្បីភ្ជួរដីមាត់បឹងនោះមិនបានឃើញមនុស្សទេ ពេលបើកត្រាក់ទ័រឡើងវិញ ទើបឃើញមនុស្សត្រូវត្រាក់ទ័រកិនស្លាប់ទៅហើយ៕




































