ព្រះវិហារ៖ លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានឱ្យដឹងថាក្នុងឆ្នាំ២០១៩នេះ នៅទូទាំងខេត្តព្រះវិហារមានសហគមន៍កសិកម្មចំនួន៣៤សហគមន៏ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គបរិមាណសរុប២២.៤៦១តោន ដែលមានសមាជិកផលិតសរុបចំនួន៥.៣៤១គ្រួសារ លើផ្ទៃដីសរុប១៤.៧៦៩ហិកតា សម្រាប់លក់ឱ្យក្រុមហ៊ុនចំនួន៣គឺ៖ ក្រុមហ៊ុនអេមរ៉ុរ៉ាយ(AMRURice)ក្រុមហ៊ុនស៊ិកនេតឈ័រអហ្វអេស៊ា(SignaturesofAsia) និងក្រុមហ៊ុនហ្គោលដិនរ៉ាយ(Golden Rice)។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបញ្ជាក់ថាគិតមកត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩នេះ លទ្ឋផលប្រមូលទិញរបស់ក្រុមហ៊ុនទាំង៣មានដូចខាងក្រោម៖ ១/ក្រុមហ៊ុន Golden Rice ប្រមូលទិញបានបរិមាណ៣.១២៩តោន គ្រប់តាមផែនការ ១០០%។
២/ក្រុមហ៊ុនAmruRiceប្រមូលទិញបានបរិមាណ១២.៨៤១តោន បានប្រមាណជាង៧៥%ធៀបតាមផែនការកិច្ចសន្យា បច្ចុប្បន្នក្រុមហ៊ុនកំពុងបន្តសម្រុកដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន។
៣/ក្រុមហ៊ុនSignatureofAsiaប្រមូលទិញបានបរិមាណ១.០០០តោន បានប្រមាណជាង៧០%ធៀបតាមផែនការកិច្ចសន្យា បច្ចុប្បន្នក្រុមហ៊ុនកំពុងបន្តសម្រុកដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន។ លោកប្រធានបន្តចំពោះតម្លៃស្រូវកសិករទទួលបានដល់ដៃជាទូទៅមាន៖
១/ប្រភេទស្រូវក្រអូបផ្ការំដួល(សើម)បាន១.២៦០រៀល ក្នុងមួយគីឡូក្រាម-១.៣២០រៀលក្នុងមួយគីឡូក្រាម(យោងទៅតាមគុណភាពស្រូវ)។
២/ប្រភេទស្រូវក្រអូបផ្ការំដួល(ស្ងូត)បាន១.៥០០រៀលក្នុងមួយគីឡូក្រាម-១.៥៩០រៀលក្នុងមួយគីឡូក្រាម(យោងទៅតាមគុណភាពស្រូវ) ។
៣/ប្រភេទស្រូវសរពូជក្នុងស្រុក(ស្ងូត)មានដូចជានាងអុកនាងអ៊ំនាងកែវស្រូវត្នោត….ទទួលបានតម្លៃ១.១៤០រៀលក្នុងមួយគីឡូក្រាម-១.១៨០រៀលក្នុងមួយគីឡូក្រាម(យោងទៅតាមគុណភាពស្រូវ)។
សូមជម្រាបថា៖ កសិករដែលបានចុះកិច្ចសន្យាលក់ស្រូវជូនក្រុមហ៊ុន ទទួលបានតម្លៃខ្ពស់ជាងពី២០០រៀល-២៥០រៀលក្នុងមួយគីឡូក្រាម បើធៀបទៅនឹងកសិករលក់តាមរយៈឈ្មួញកណ្តាល៕សួនលីណា




































