អាជ្ញាធរជាតិអប្សរានឹងស្ថាបនាផ្លូវវាងមុខប្រាសាទសួរព្រ័ត ជំនួសផ្លូវកៅស៊ូមុខព្រះលានជល់ដំរី

0

សៀមរាប: អាជ្ញាធរជាតិអប្សរា នឹងស្ថាបនាផ្លូវកៅស៊ូថ្មី លើគន្លងផ្លូវដីក្រហមចាស់ចាស់ ដែលចេញពីប្រាសាទបាយ័នកាត់តាមមុខបរិវេណប្រាសាទសួរព្រ័ត ជំនួសផ្លូវកៅស៊ូមុខព្រះលានជល់ដំរី ដែលរងការខូចខាត និងដែលបង្កហានិភ័យដល់ប្រាសាទ ដោយសារការបើកបើកបរយានយន្តគៀកខ្លាំងនឹងប្រាសាទ។ គម្រោងនេះ ត្រូវបានបន្តតាមដានការអនុវត្តនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ និងកិច្ចប្រជុំពេញអង្គលើកទី២៦ នៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ។

ថ្លែងទៅក្រុមអ្នកសារព័ត៌មានក្រោយធ្វើបទបង្ហាញរួច ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរាគ្រោងស្ថាបនាផ្លូវនេះនៅដើមឆ្នាំ២០២០ខាងមុខនេះ ហើយក្រោយពីសាងសង់រួចផ្លូវនេះរួច យើងនឹងរៀបចំកែលម្អផ្លូវកៅស៊ូសព្វថ្ងៃដែលជាប់មុខព្រះលានជល់ដំរីឱ្យមានភាពបៃតង ដោយកាយកៅស៊ូចេញ ហើយដាំស្មៅ និងដើមឈើ ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ។ ឯកឧត្តមបន្តថា ផ្លូវថ្មីនេះគឺសង់លើផ្លូវដីក្រហមដែលកំពុងចរាចរណ៍សព្វថ្ងៃ ចាប់ពីប្រាសាទបាយ័ន កាត់តាមបរិវេណប្រាសាទសួរព្រ័ត មុនដល់ប្រាសាទព្រះពិធូរបត់ឆ្វេងឆ្ពោះទៅភ្ជាប់ទៅផ្លូវកៅស៊ូឆ្ពោះទៅខ្លោងទ្វារដីឆ្នាំង ដែលមានចម្ងាយ ១.៤២៧ ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលគ្រោងប្រើពេលសាងសង់រយៈពេល៨ខែ។

យោងតាមការស្រាវជ្រាវលើឯកសារប្រវត្តិសាស្រ្តបានបង្ហាញថា នាឆ្នាំ១៩០៩ បរិវេណព្រះលានជល់ដំរីមិនទាន់មានការស្ថាបនាផ្លូវទេ ទើបតែនៅឆ្នាំ១៩១១ មានការគូរដល់ការសាងសង់ផ្លូវក្នុងតំបន់អង្គរធំ រីឯផ្លូវដីក្រហមនៅមុខប្រាសាទសួរព្រ័តនេះ កសាងក្នុងឆ្នាំ១៩១២ មុនផ្លូវកៅស៊ូដែលយើងកំពុងប្រើប្រាស់មុខព្រះលានជល់ដំរីដែលឃើញមាននៅពេលក្រោយក្នុងឆ្នាំ១៩២៨៕