ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ជាង១០០០គ្រួសារទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

0

ព្រះសីហនុ៖ ការផ្តល់អំណោយនេះធ្វើឡើងនៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៩ ក្រោមវត្តមានឯកឧត្តម ជាម ហីុម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ គួច ចំរើន ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយសមាជិកាគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា និងម្ចាស់ក្រុមហ៊ុន សហគ្រាស ជាច្រើនរូបផងដែរ។

បើតាមមន្ត្រីរៀបចំការងារអោយដឹងថាប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ត្រូវទទួលបានអំណោយនាពេលនេះមានចំនួន ១១១៣គ្រួសារ មកពីឃុំ ចំនួន០៤ គឺឃុំវាលរេញ ឃុំសាមគ្គី ឃុំទឹកល្អក់និងឃុំទឹកថ្លានៃស្រុកព្រៃនប់។

លោក សរ កក្កដា អភិបាលស្រុកព្រៃនប់បានអោយដឹងថា ជារៀងរាល់ឆ្នាំ ឃុំចំនួន៣មាន៖ ឃុំសាមគ្គី ទឹកល្អក់ និងឃុំទឹកថ្លា តាមបណ្ដោយផ្លូវជាតិលេខ៣ ជួរភ្នំបូកគោ តែងតែរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថាកាកបាទក្រហមកម្ពុជា ជានិច្ចកាលតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រដោយផ្តល់អំណោយសង្គ្រោះ ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនេះឯកឧត្តម គួច ចំរើន បានពាំនាំសេចក្តីអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ធម្មជាតិ និងសូមរក្សាសុខភាពអោយបានល្អ ហើយត្រូវរស់នៅមានអនាម័យ ផឹកទឹកស្អាត ហូបស្អាតនិងរស់នៅស្អាត ជានិច្ច។

សូមបញ្ជាក់ថាអំណោយដែលត្រូវផ្ដល់ជូននេះមានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន៕