ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងកម្មវិធីជប់លៀងកាត់ចំណងដៃអាពាហ៍ពិពាហ៍នៅស្រុកក្រឡាញ់ ខេត្តសៀមរាប

0

ខេត្តសៀមរាប៖ បុរស២នាក់ ម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់ ដោយសារជនរងគ្រោះទាំងពីរ បានចាប់លើកដែកទីប សំរាប់ចងឆាង មីក្រូ ស្រាប់តែទៅប៉ះ នឹង ខ្សែភ្លើងស្រាត បណ្ដាលឲ្យឆក់តែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ វេលាម៉ោង០៨ និង៣០នាទី នៅចំណុចមុខ ផ្ទះ ឈ្មោះហាយ យ៉ាត ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិខ្នារជោ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ១.ឈ្មោះ ធូ វណ្ណថង ភេទប្រុសអាយុ២៤ឆ្មាំ នៅភូមិឈូករ័ត្ន ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ខេត្តសៀមរាប បានរងរបួសធ្ងន់ នឹងទី២.ឈ្មោះ យ៉ាង់ យត ភេទ ប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិ គោកត្នោត ឃុំចម្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាបបានស្លាប់ភ្លាមៗនៅនឹងកន្លែង ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា មូលហេតុមូលហេតុដែលបណ្ដាលឲ្យកើតមានករណីនេះ ដោយសារជនរងគ្រោះឈ្មោះទាំងពីរខាងលើ បានទៅដាក់ធុងបាស់ នៅក្នុងកម្មវិធីជប់លៀង កាត់ចំណងដៃអាពាហ៍ពិពាហ៍នៅក្នុងភូមិឃុំខាងលើ ហើយជនរងគ្រោះទាំងពីរបានចាប់លើកដែកទីប សំរាប់ចងឆាងមីក្រូ ស្រាប់តែទៅប៉ះ នឹងខ្សែភ្លើងស្រាតអគ្គីសនី មានកំពស់ប្រហែល ៨ម៉ែត្រពីដី បណ្តាលឆក់ទាំងពីរនាក់តែម្ដង ។ ក្រោយមានការហេតុការណ៍ ជនរងគ្រោះដែលស្លាប់ត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅគ្លីនិចឯកជនក្នុងស្រុកក្រឡាញ់ ៕

ដោយ៖ អ៊ុន ណារាជ្យ