គ.ជ.ប តែងតាំង លោក ឈីម ចាន់ធឿន ជាប្រធាន និង លោក ស្រី ឃឹម សុធានី បន្ត ជាអនុប្រធាន លេខាធិការដ្ឋាន រៀបចំ ការ បោះឆ្នោត ខេត្តកំពង់ចាម

0

កំពង់ចាម: បើមន្ត្រីបោះឆ្នោតបំពេញការងារមិនបានល្អ អាចនាំ ឲ្យ ប្រជាពលរដ្ឋបាត់បង់ទំនុកចិត្ត ការបាត់បង់ទំនុកចិត្តលើមន្ត្រីបោះឆ្នោត អាចនាំដល់ការបាត់បង់ទំនុកចិត្តលើការបោះឆ្នោត ពិសេសលទ្ធផលនៃការបោះឆ្នោត ហេតុនេះអាចធ្វេីឲ្យក្រុម ឱកាស និយមប្រើប្រាស់ជាមធ្យោបាយ ដើម្បីវាយប្រហារ និងអាចឈានដល់លេសបង្កើតការតវ៉ាបង្កភាពគ្មានសណ្តាប់ធ្នាប់ បង្កអសន្តិសុខដែលធ្វើ ឲ្យ ប៉ះពាល់ដល់វិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម ដូច្នេះសូម អ.គ.ជ.ប ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញតួនាទីជាអាជ្ញាកណ្តាល។ នេះជា ការ ថ្លែង របស់ លោក ហង្ស ពុទ្ធា សមាជិក គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះឆ្នោត និង ជា អ្នក នាំពាក្យ របស់ គ.ជ.ប ក្នុង ពិធីប្រកាសតែងតាំង លោក ឈីម ចាន់ធឿន ជាប្រធាន និង លោក ស្រី ឃឹម សុធានី បន្ត ជាអនុប្រធាន លេខាធិការដ្ឋាន រៀបចំ ការ បោះឆ្នោត ខេត្តកំពង់ចាម បន្ទាប់ ពី លោក មាង ម៉េងហួន ត្រូវបានតែងតាំងជាជំនួយការ គ.ជ.ប ដែល បាន ធ្វើឡើង នាព្រឹក ថ្ងៃ ទី ១១ ខែធ្នូ ឆ្នាំ ២០១៩ នៅ សាលា ខេត្ត កំពង់ចាម ដោយ មាន ការ អញ្ជើញ ចូល រួម ពី លោក អភិបាល រង ខេត្ត សមាជិកក្រុមប្រឹក្សា ខេត្ត និង មន្ត្រី ពាក់ព័ន្ធ ជាច្រើន រូប ផង ដែរ ។

ថ្លែង ក្នុង ពិធី នោះដែរ លោក ហង្ស ពុទ្ធា សមាជិក គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះឆ្នោត និង ជា អ្នក នាំពាក្យ របស់ គ.ជ.ប បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុកពី លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ. ប ដែលតែងតែដឹកនាំប្រកបដោយប្រសិទ្ធភាពនៅគ្រប់ដំណើរការបោះឆ្នោត ដោយ មាន ប្រសាសន៍ថា ជា មន្ត្រី គ.ជ.ប ត្រូវអនុវត្ត ឲ្យ បានត្រឹមត្រូវតាមច្បាប់ តាមព្រះរាជក្រឹត្យស្តីពី មន្ត្រី អ.គ.ជ.ប : ១-មន្ត្រី អ.គ.ជ.ប ដែលត្រូវដល់អាយុចូលនិវត្តន៍ ត្រូវតែចូលនិវត្តន៍ ហើយការជ្រើសជ្រើសមន្ត្រីជំនួសត្រូវតែធ្វើ ឲ្យ មានភាពត្រឹមត្រូវបំផុត។ ២-មន្ត្រី អ.គ.ជ.ប ត្រូវអនុវត្ត ឲ្យ បាននូវភារកិច្ចរបស់ខ្លួន និងទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ អ្នកមានអាយុ១៨ឆ្នាំឡើង ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវតែបានបោះឆ្នោត សំឡេង ឆ្នោតរបស់ពួកគាត់ ត្រូវតែរាប់ ឲ្យ បានត្រឹមត្រូវ។ ៣-គ.ជ.ប មានយន្តការត្រួតពិនិត្យ ពង្រឹង និងកែលម្អដំណើរការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរបស់ គ.ជ.ប នោះគឺជាកិច្ចការគន្លឹះ និងមានសារសំខាន់បំផុត សំដៅប្រែក្លាយ អ.គ.ជ.ប នៅក្នុងវិស័យសាធារណៈ ឲ្យ កាន់តែមានសមត្ថភាព វិជ្ជាជីវៈច្បាស់លាស់ និងប្រសិទ្ធភាពក្នុងការបំពេញកិច្ចការងារបោះឆ្នោតស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ផង ដែរ ។

ជាមួយគ្នា នោះ លោក កៅ សុខអាន អភិបាល រង ខេត្ត កំពង់ចាម បាន សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ ក្រមចុះឈ្មោះបោះឆ្នោត មន្ត្រីបុគ្គលិក នៃគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេលកន្លងមកបានខិតខំយកចិត្តទុកដាក់ បំពេញការងារគ្រប់
ដំណាក់កាល ក្នុងការរៀបចំការបោះឆ្នោត ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវជំហរអព្យាក្រឹត ឥតលំអៀង អនុវត្តគោលការច្បាប់ បទបញ្ជានិតិវិធី និងក្រមសីលធម៌ បានយ៉ាងល្អ ដើម្បីធានា ឲ្យ ការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយសន្តិភាពសេរីត្រឹមត្រូវ យុត្តិធម៌ស្របតាមច្បាប់ បទបញ្ជា និងនិតិវិធីនៃការបោះឆ្នោត ផង ដែរ ៕